បរទេស៖ ក្លិប​ហង្សក្រហម Liverpool បានប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជាមួយនឹងខ្សែ​ប្រយុទ្ធ Darwin Nunez ពីក្លិប Benfica សម្រាប់​តម្លៃ​ខ្លួន​មួយ​ដែលអាច​នឹង​កើន​ដល់​៨៥លានផោន (ស្មើនឹង​១០២លានដុល្លារ​អាមេរិក​)​ កាលពីថ្ងៃ​អង្គារ​។

តារាឆ្នើម​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ ដែល​នឹង​ឈាន​ចូល​វ័យ​២៣ឆ្នាំ​នៅ​សប្តាហ៍​ក្រោយ គឺ​ជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេក្នុងក្រប​ខ័ណ្ឌកំពូល​របស់​ព័រ​ទុយ​ហ្គាល់ កាលពី​រដូ​វកាល​មុន ដោយ​រក​បាន​២៦គ្រាប់ និងរក​បាន​គ្រាប់បាល់​សរុប​៣៤ពី​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​រក​បាន​១គ្រាប់ ក្នុង​ជើង​ទី​នីមួយ​នៃ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Benfica ជា​មួយ​នឹង Liverpool ផងដែរ​។ វត្ត​មាន​របស់​គេ​ក្នុង​កិច្ច​សន្យា​រយៈពេល​៦​ឆ្នាំ គួរ​តែ​អាច​ជា​ការ​បើក​ផ្លូវ​ឲ្យ Sadio Mane ទៅ​ចូលរួម ជាមួយនឹងក្លិប Bayern Munich​។

ការ​ពិភាក្សា​នានា កំពុង​តែ​បន្ត​ជុំវិញ​ការផ្ទេរ​តារាឆ្នើម​អន្តរ​ជាតិ​សេណេ​​ហ្គាល់រូបនេះ ដែល​បាន​បញ្ជាក់​ថា រូប​គេ​ចង់​បាន​ការ​ប្រជែង​ថ្មីមួយ​។ តម្លៃ​ខ្លួន​ជា​គោល​របស់ Nunez គឺ​មាន​ចំនួន​៦៤លានផោន ដែលអាច​នឹង​កើន​ដល់​៨៥លានផោន ប្រសិន​បើ​រូប​គេ​ទទួល​បាន​សមិទ្ធិ​ផល​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​​​របស់គេ ក្នុង​អាជីពនៅ Liverpool ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន Champions League ផង​ដែរ​។ ការ​ចុះ​ហត្ថលេខា​នេះ នៅ​រង់​ចាំ​តែ​ការ​ជម្រះ​​ឯក​សារ​អន្តរ​ជាតិ និង​ការ​អនុម័ត​លើ​លិខិតសុំ​ការ​ងារ​ប៉ុណ្ណោះ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian