បរទេស៖ ខ្សែប្រយុទ្ធ Christian Eriksen អាច​នឹង​វិល​ទៅកាន់ការ​ប្រកួត​ធំ​​ៗវិញ​ជាមួយនឹង​ក្រុម Manchester United ដែល​កំពុង​តែ​សម្លឹង​រក​ការ​​ប្រើ​ប្រាស់​កីឡាករ​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​។ បើយោង​ទៅតាម​សារ​ព័ត៌​មាន Sky Sports ក្លិប Man United បាន​ទាក់ទង​ភ្នាក់​ងារ​តំណាង​របស់ Eriksen ជុំ​វិញ​ការ​ចុះ​កុង​ត្រា​​នៅកីឡដ្ឋាន Old Trafford​។

លោក Dharmesh Sheth ដែ​ល​ជា​អ្នក​យក​ព័ត៌មាន​របស់ Sky Sports បាន​និយាយ​ថា លោក Ten Hag មាន​កញ្ចប់​ថវិកា​ជាច្រើន​ដែល​អាច​ប្រើប្រាស់​ដើម្បី​ទិញ​ចូលកីឡាករ​ថ្មី​ៗ​បាន​។ ប៉ុន្តែ Eriksen មាន​ទេព​កោ​សល្យ​ដែល​ឆ្លើយ​តប​គ្រប់​លក្ខខណ្ឌ​ទាំង​អស់​ដែល​គ្រូបង្វឹក​ថ្មី​រូបនេះ ចង់​បាន​។ សម្រាប់លោក Ten Hag ផ្ទាល់ ការ​ចំណាយ​ប្រាក់ដ៏ច្រើន​បំផុត​នៅលើ​កីឡាករ​ល្បី​ៗ​មិនមែន​ជា​បញ្ហា​ឡើយ​។ ផ្ទុយ​វិញ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ការ​ទទួល​បាន​កីឡាករ​ដ៏ត្រឹម​ត្រូវ ក្នុង​តម្លៃ​ខ្លួន​ដែល​ស្រប​។ បច្ចុប្បន្ន Eriksen មិន​ទាន់​ជាប់​កិច្ចស​ន្យា​ជាមួយនឹងក្លិប​ណា​ឡើយ ស្រប​ពេល​ដែល Man United និង Brentford សង្ឃឹមដូច​គ្នា​​ថា នឹង​អាច​ចុះ​ហត្ថលេខា​ជាមួយនឹង​រូបនេះ។

Eriksen បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ ក្នុងក្រប​ខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន ជា​មួយ​នឹងក្លិប Brentford​។ បើ​ទោះ​បីមាន​កង្វល់​នានា​ជុំវិញ​សុខភាព​របស់​ខ្សែ​​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​ក៏ដោយ ប៉ុន្តែ Eriksen បាន​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​៥​គ្រាប់ និង​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១១លើក​ជាមួយនឹង Brentford​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia