បរទេស៖ ក្លិប Manchester United បានយល់​ព្រម​លើ​ការ​​ព្រម​ព្រៀង​គ្នា​មួយ​ជា​គោល​ដើម្បី​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក Christian Eriksen ដោយ​គ្មាន​តម្លៃខ្លួន​។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​នានា កាលពីថ្ងៃចន្ទ​។

លោក Erik ten Hag ​អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បានផ្តល់​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​​ដល់ Eriksen ក្រោយពី​ខ្សែ​បម្រើ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូប​នេះ បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ជាមួយនឹងក្លិប Brentford​។ Eriksen វ័យ​៣០​ឆ្នាំ ត្រូវ​បាន​ព័ត៌​មាន​ចេញផ្សាយ​ថា បាន​យល់​ព្រម​ដោយផ្ទាល់​មាត់​ជាមួយនឹង Man United ហើយ​នឹង​ផ្ទេរ​ជាផ្លូវ​ការ​ទៅកាន់ Old Trafford ក្រោយពី​ការ​ពិនិត្យ​សុខភាព​រួច​រាល់​។ ការ​ផ្ទេរ​របស់ Eriksen ទៅកាន់ Man United បំពេញ​ការ​​វិល​ត្រឡប់​ដ៏មិននឹក​ស្មាន​ដល់​មួយ​ ក្រោយពី​​រូប​​គេ​បាន​ជួប​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​កាលពីឆ្នាំមុន​។ រូប​គេ​បាន​ជួប​បញ្ហា​គាំង​បេះ​ដូង​នៅ​លើ​ទីលាន​ប្រកួត ក្នុង​ទីក្រុង Copenhagen ក្នុង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​ដា​ណឺ​ម៉ាក ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​​ចេញ​​ក្លិប Inter Milan ក្រោយពី​​ជា​សះស្បើយ​ ដោយ​សារ​តែ​បទបញ្ជា​ផ្ទៃ​ក្នុង​ផ្នែក​សុខភាពរបស់​ក្រប​ខ័ណ្ឌ Serie A​។​

Eriksen ដែល​បាន​បំពាក់​ជាមួយនឹង​ឧបករណ៍​ជំនួយ​បេះ​ដូង​នោះ បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ និង​រឹង​មាំ​ ពេល​លេង​ជា​កីឡាករ​កម្ចី​នៅ​កីឡដ្ឋាន Brentford កាលពី​រដូវ​កាល​មុន​។ រូប​គេ​បាន​លេង​១១​ប្រកួត ក្នុង​ក្រប​ខ័ណ្ឌ Premier League សម្រាប់​ក្រុម Brentford ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​៤​គ្រាប់​ផ្សេង​ទៀត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia