បរទេស៖ ក្លិប Barcelona បាន​ដាក់​សំណើ​ថ្មី​មួយដើម្បី​ទិញ​យក Robert Lewandowski ក្នុង​តម្លៃខ្លួន​​៣៥លានអឺ​រ៉ូ (ស្មើ​នឹង​៣៧​លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​៥​លាន​​អឺ​រ៉ូ​ទៀត ប៉ុន្តែ គេ​រំពឹង​ទុក​ថា ក្លិប Bayern Munich នឹង​ច្រាន​ចោល​សំណើ​នេះ​។

ខ្សែ​ប្រយុទ្ធ​រូបនេះ ប្តេជ្ញា​ចិត្ត​ចង់​ចូលរួម​ជាមួយ​នឹងក្លិប Barcelona បើ​ទោះ​បី​មាន​សំណើ​ពីក្លិប Chelsea និង Paris Saint-Germain ក៏ដោយ ហើយ​រូប​គេ​ក៏​បានដោយ​ផ្ទាល់​លើ​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​ផង​ដែរ​។ មន្ត្រី​ប្រតិបត្តិ​របស់​ក្លិប Bayern បាន​បន្ត​បញ្ជាក់​ជា​សា​ធារណៈ​ថា Lewandowski កំពុង​តែ​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​ទៀត និង​បាន​និយាយ​ថា ពួកគេ​រំពឹង​ទុក​ថា Lewandowski នឹង​បង្ហាញខ្លួន​​សម្រាប់​ការ​ហ្វឹកហាត់​មុន​បើក​រដូវកាល​ នៅថ្ងៃ​ទី​១២ ខែកក្កដា​។ កាលពី​ខែ​មុន កីឡាករ​រូប​នេះ បាន​ប្រកាស​ថា អាជីព​របស​គេ​នៅ​ក្លិប Bayern ឈាន​ដល់​ទី​បញ្ចប់​ហើយ ហើយ​ថា រូប​គេ​មិន​ជឿជាក់​ថា ក្លិប​នេះ នឹង​រក្សា​ទុក​រូប​នេះ ដើម្បីប្រឆាំង​នឹង​ច្ឆន្ទះ​របស់​គេ​ឡើយ​។

លោក Hasan Salihamidzic សមា​ជិក​ក្រុម​ប្រឹក្សា​កីឡា​របស់​ក្លិប Bayern បានផ្តល់​បទ​សម្ភាស​មួយ​កាលពីថ្ងៃព្រហស្បតិ៍ ទី​២៣ ខែមិថុនា ទៅកាន់​ទូរ​ទស្សន៍ Sky នៅ​អាល្លឺ​ម៉ង់ ដែល​ក្នុង​ពេល​នោះ​លោក​ទំនង​​ជា​បើក​លទ្ធ​ភាព​ឲ្យ Lewandowski ចាក​ចេញ​ក្នុង​តម្លៃ​ដែល​សម​ស្រប​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពីភាគរយ​ដែល​កីឡាករ​រូប​នេះ អាច​នឹង​បន្ត​នៅ លោក​បាន​ឆ្លើយ​ថា៖ «មកទល់ពេលនេះ ភាព​ច្បាស់​លាស់​គឺ​១០០%​»​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian