បរទេស៖ លោក Christophe Galtier ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​របស់ក្រុម​ម្ចាស់​ជើង​ឯក​បារាំង Paris Saint-Germain ក្នុងកិច្ចសន្យា​រយៈពេល​២ឆ្នាំ​។ នេះ​បើយោង​ទៅ​តាម​ប្រភព​នានា កាលពីថ្ងៃចន្ទ​​។ លោក Galtier ដែល​បាន​ចំណាយ​បេល​កាលពី​រដូវកាល​មុន​ក្នុង​នាម​ជា​គ្រូបង្វឹក​របស់​ក្លិប Nice នោះ នឹង​ចូល​កាន់​តំណែង​ជំនួស​​លោក Mauricio Pochettino សញ្ជាតិ​អាហ្សង់ទីន​។

គ្រូបង្វឹក​វ័យ​៥៥ឆ្នាំ​រូបនេះ ត្រូវ​បាន​គេ​ថត​ជាប់​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ការិយា​ល័យ​របស់ PSG នៅ​ជាយ​ទីក្រុង​ប៉ារីស កាលពីថ្ងៃចន្ទ ស្រប​ពេល​ដែល​សន្និ​សីទ​សារ​ព័ត៌​មាន​ត្រូវ​បាន​គ្រោង​រៀប​ចំឡើង​នៅ​កីឡដ្ឋាន Parc des Princes នា​ថ្ងៃ​អង្គារនេះ​។ PSG បាន​ខិត​ខំព្យាយាម​តែង​តាំង​គ្រូបង្វឹក​ថ្មី​ម្នាក់ អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ ប៉ុន្តែ មិនមានការផ្លាស់ប្តូរ​ណាមួយ​ត្រូវ​បាន​បំពេញ​ជាផ្លូវ​ការ​ឡើយ ស្រប​ពេល​ដែល​លោក Pochettino និង​បុគ្គ​លិក​​គ្រូបង្វឹក​របស់​លោក​នៅ​តែ​​ជាប់​កិច្ច​សន្យា​នៅឡើយ​។

សមា​ជិក​ក្រុម PSG ត្រូវ​តែ​ធ្វើ​ការ​បង្ហាញខ្លួន​សម្រាប់​ការ​ហ្វឹកហាត់​មុន​បើក​រដូវកាល​​នៅថ្ងៃ​ចន្ទ លើក​លែង​តែ​កីឡាករ​ដែល​ជាប់​​បំពេញ​ការ​តព្វ​កិច្ច​ជា​អន្តរ​ជាតិ​ប៉ុណ្ណោះ​។ លោក Galtier ដែល​បាន​ចាក​ចេញពីក្លិប Nice របស់​ក្រប​ខ័ណ្ឌ Ligue 1 កាលពីខែមុន បាន​កសាង​កេរិ៍្តឈ្មោះ​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​ឈានមុខ​គេ​ក្នុង​កីឡា​បាល់ទាត់​របស់​បារាំង ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia