បរទេស៖ ក្លិប​តោ​ខៀវ Chelsea បាន​ឆ្លើយ​តប​ទៅ​​ស្ថាន​​ភាព ដែលក្រុម Barcelona កំពុង​តែ​បោះ​ជំហាន​ក្នុងការ​នាំ​យក​ខ្សែ​បម្រើ​ស្លាប Raphinha ពីក្លិប Leeds United តាមរយៈ​ការ​បញ្ចេញ​ផែន​ការ​ថ្មី ក្នុង​តំបន់​ប្រយុទ្ធ ស្រប​ពេល​ដែល​កីឡាករ Rafael Leao របស់​ក្លិប AC Milan និង​ខ្សែ​បម្រើ​ដ៏​​មាន​ឥទ្ធិ​ពល Serge Gnabry របស់​ក្លិប Bayern Munich សុទ្ធ​សឹង​ស្ថិតក្នុង​ការ​ចាប់​អារម្មណ៍​របស់​លោក Thomas Tuchel​​។

ក្លិប Leeds បាន​ទទួល​យក​សំណើ​ក្នុង​ទឹកប្រាក់​៥៥​លានផោន (ស្មើ​នឹង​៦៥,៥​លាន​ដុល្លារ​អាមេរិក) សម្រាប់​ Raphinha ពី​ក្លិប Chelsea ដែល​​នឹង​ត្រូវ​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជាមួយនឹង​ Raheem Sterling ក្នុង​តម្លៃខ្លយន​៥០​លានផោន​ពី​ក្លិប Manchester City ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ប៉ុន្តែ ខ្សែ​បម្រើ​ស្លាប​​ប្រេស៊ីល Raphinha ហាក់​ដូច​ស្ទាក់ស្ទើរ​​ក្នុង​​ការ​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge​។ បំណែង​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ គឺ​ការ​ចូលរួម​ជាមួយនឹងក្លិប Barça ហើយ​​ក្លិប​​ស្ថិតក្នុងក្រប​ខ័ណ្ឌ La Liga មួយនេះ ទំនង​ដូចជា​ត្រៀម​ជម្នះ​លើ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ខ្លួន តាមរយៈ​ការ​ដាក់​សំណើ​ដ៏​ស័ក្តិ​សម​មួយ​​ដើម្បី​ទិញ​យក​ Raphinha ដែល​ជា​អតីត​កីឡាកររបស់​ក្លិប Rennes​។

ការ​​មិនអាច​ទិញ​យក Raphinha គឺ​ជា​ការ​ខក​ចិត្ត​មួយ​សម្រាប់​លោក Tuchel​។ គ្រូបង្វឹក​របស់​ក្លិប Chelsea រូបនេះ ចង់​​បាន​កីឡាករ​ដែល​មានភាព​មុតស្រួច និង​ល្បឿន​លឿន ហើយ​គេ​រំពឹង​ទុក​ថា រូប​លោក​នឹង​ផ្តោត​លើខ្សែ​​ប្រយុទ្ធ ដែលអាច​លេង​ក្នុង​ទី​តាំង​ជាច្រើន​បាន​។ លោក Tuchel ចង់​បង្កើត​តំបន់​ប្រយុទ្ធ​ដែល​​មានភាព​បត់​បែន​បន្ថែមទៀត ក្រោយពី​មិនមានភាព​ស៊ី​សង្វាក់គ្នា​ជាមួយនឹង Romelu Lukaku កាលពី​រដូវ​កាល​មុន​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian