បរទេស៖ លោក Thomas Tuchel បាន​ចោទសួរ​ការ​ប្តេជ្ញា​ចិត្ត​​របស់​ក្រុម Chelsea និង​បាននិយាយ​ថា ពួកគេ​ត្រូវ​ការ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែលអាច ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល​ ៤-០ ក្រោមស្នា​ដៃក្រុម​ Arsenal ក្នុង​រដ្ឋ Florida កាលពីថ្ងៃ​សៅរ៍ (ព្រឹក​ថ្ងៃ​អាទិត្យនៅកម្ពុជា)។

Gabriel Jesus, Martin Odegaard, Bukayo Saka និង Albert Sambi Lokonga សុទ្ធ​សឹង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ ដើម្បី​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយងាយ​។ នៅពេល​ដែលត្រូវ​បាន​ចោទ​សួរ​ថា តើក្រុម​របស់​លោក ត្រូវ​ការ​ពង្រឹង​បន្ថែមទៀត​ ឬ​យ៉ាង​ណា នៅមុន​ពេលពួកគេ​ត្រូវ​ជួបក្រុម Everton នា​កីឡដ្ឋាន Goodison Park នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​ក្រោយ លោក Tuchel បាន​ទទួល​សា្គល់​ថា ពេល​វេលា​នេះ​នៅ​តែ​ជា​ពេល​វេលា​ដ៏ខ្លី​។ លោក​បាន​ឲ្យដឹងថា៖ «ខ្ញុំ​មិនមាន​អារម្មណ៍​ស្ងប់​ឡើយ​។ យើង​មិន​ទាន់​ខ្លាំង​ឡើយ​។​

យើង​មិនស្ថិតក្នុងការ​ប្រកួត​ប្រជែង​ឡើយ​»​។ ខ្សែ​ការ​​ពារ​អន្តរ​ជាតិ​សេណេហ្គាល់ Kalidou Koulibaly ដែល​ផ្ទេរមកពីក្លិប Napoli ក្នុង​តម្លៃខ្លួន​៣៣,៨លានផោន បាន​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​​គេ​សម្រាប់ Chelsea ក្នុង​នាម​ជា​​​កីឡាករ​បម្រុង​​នៅ​តង់​ទី​២ ស្រប​ពេល​ដែល Chelsea ក៏​ដាក់​ឲ្យ​ខ្សែ​ប្រយទ្ធ Raheem Sterling ដែល​ទើប​តែបាន​ផ្ទេរមកពី​ក្លិប Manchester City នៅ​រដូវក្តៅនេះ ឲ្យចូល​លេង​ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ BBC