ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah របស់ក្លិប Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារនេះ ដើម្បីព្យាបាល ទៅលើបញ្ហារបួសស្មារបស់គេ ដែលបានរំខានក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់គេ និងគំរាមដល់ការត្រៀមលក្ខណៈរបស់គេសម្រាប់យុទ្ធនាការ World Cup។

សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បានបញ្ជាក់ថា ក្រុមការងាររបស់ Salah បានជ្រើសរើសយកប្រទេសអេស្ប៉ាញ សម្រាប់កម្មវិធីសម្រាកព្យាបាល ដោយពួកគេសង្ឃឹមថា នឹងជួយឲ្យ Salah ជាសះស្បើយពីរបួសទាន់ពេលសម្រាប់យុទ្ធនាការ World Cup នៅខែក្រោយនេះ ក្នុងប្រទេសរុស្ស៊ី។ បើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ EFA កីឡាករ Salah នឹងត្រូវរួមដំណើរដោយបុគ្គលិកពេទ្យរបស់ក្លិប Liverpool «សម្រាប់ពេលវេលានៃការព្យាបាល គឺក្រោយពីបានចាប់ផ្តើមស្តារកាយសម្បទារឡើងវិញកាលពីថ្ងៃអាទិត្យ។

Salah ដែលរកបានគ្រាប់បាល់បញ្ចូលទី ៤៤គ្រាប់សម្រាប់ក្រុម Liverpool កាលពីរដូវកាលមុន ក្នុងរាល់យុទ្ធនាការទាំងអស់ ត្រូវបានបង្ខំចិត្តឲ្យប្តូរចេញក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ទាំងទឹកភ្នែក កាលពីថ្ងៃសៅរ៍ ក្រោយពីបានរងរបួសស្មាឆ្វេងរបស់គេ បន្ទាប់ពីត្រូវបានទាញឲ្យដួលដោយខ្សែការពារ Sergio Ramos របស់ក្រុម Real Madrid។ វាត្រូវបានគេព្រួយបារម្ភថា បញ្ហារបួសនេះ នឹងធ្វើឲ្យ Salah អវត្តមានក្នុងយុទ្ធនាការ World Cup នាថ្ងៃទី១៤ ខែមិថុនា ដល់ទីថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែ កាលពីថ្ងៃអាទិត្យ តារាឆ្នើមរបស់ Liverpool បានបញ្ជាក់ថា រូបគេមានការជឿជាក់ថា រូបគេនឹងវិលចូលលេងវិញទាន់ពេលវេលា៕