Luka Modric បានជំរុញឲ្យ Neymar ចូលរួមជាមួយគេនៅ Real Madrid ក្រោយពួកគេបានជួយជម្រើសជាតិរៀងខ្លួនលេងមិត្តភាពជាមួយគ្នាកាលពីយប់មិញ។
Neymar តារារបស់ PSG បានបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីរបួសកជើងអស់រយៈពេលជាង៣ខែ ដោយបានរួមចំណែកទាត់បញ្ចូលទី១គ្រាប់ជួយ ប្រេស៊ីលយកឈ្នះក្រូអាត ២ទល់នឹង០ នៅក្នុងកីឡដ្ឋាន Anfield។
ក្រោយចប់ការប្រកួត Neymar ដែលបានផ្លាស់ពី Barcelona មក PSG ក្នុងតម្លៃថ្លៃកប់ពពក១៩៨លានផោនបានប្ដូរអាវជាមួយ Modric ហើយវីដេអូរបស់អ្នកទាំងពីរត្រូវថតបានដោយសហព័ន្ធបាល់ទាត់របស់ប្រេស៊ីល។ ក្នុងវីដេអូនោះគេបានឭសំឡេង Modric បានប្រាប់ទៅ Neymar ថា៖ “ពួកយើងកំពុងរងចាំឯង”។ បន្ទាប់ពីឭឃ្លានេះ Neymar ក៏សើចនិងញញឹម។ ចំណុចត្រង់នេះ Modric ចង់មានន័យថា ឲ្យ Neymar ចេញពី Ligue 1 មក Real Madrid៕
Via :news.sabay