Fred នឹងត្រូវទទួលការត្រួតពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ នៅមុនពេលការផ្ទេរមួយទៅកាន់ក្លិប Manchester United ក្នុងតម្លៃខ្លួន ៥២លានផោន (ស្មើនឹង៦៩លានដុល្លារអាមេរិក) នេះបើយោងទៅតាមប្រភពនានារបស់ Sky Sports។
ខ្សែបម្រើរបស់ក្លិប Shakhtar Donetsk រូបនេះ ដែលបានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅនាទី ទី៨២ក្នុងពេលក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី ២-០ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យនោះ នឹងត្រូវក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jose Mourinho នៅរដូវក្តៅនេះ។
បណ្តាញសារព័ត៌មាន Sky Sports News បានចេញផ្សាយកាលពីខែឧសភា ថា Man United កំពុងតែស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាជាមួយនឹង Fred ដែលធ្លាប់បានស្ថិតក្នុងការចាប់អារម្មណ៍ពីក្លិប Manchester City កាលពីខែមករា។ ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Shakhtar ពីក្លិបប្រេស៊ីល Internacional កាលពីឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនច្រើនជាង ១៥០លើកសម្រាប់ក្លិបរបស់អ៊ុយក្រែនមួយនេះ។
ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី គ្រូបង្វឹកនៃក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានទទួលស្គាល់ថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការចាប់អារម្មណ៍របស់ Man United ទៅលើ Fred ឡើយ ប៉ុន្តែ ចង់ឲ្យការផ្ទេរនេះ ត្រូវបំពេញជាផ្លូវការឲ្យបានឆាប់បំផុតតាមដែលអាចនៅមុនពេលយុទ្ធនាការ World Cup។ លោក Tite បានឲ្យដឹងថា៖ «នៅពេលដែលករណីនេះកើតឡើង ហើយវាមិនអាចជៀសរួច ពួកគេនឹងមកជួបយើង ហើយការណែនាំរបស់យើងទៅកាន់ពួកគេគឺថា ដោះស្រាយបញ្ហានេះឲ្យបានឆាប់តាមដែលអាច ហេតុនេះ អារម្មណ៍របស់អ្នកនឹងស្ថិតនៅជាមួយនឹងយើង ហើយនិងផ្តោតលើក្រុមជម្រើសជាតិ»៕