ក្នុងថ្ងៃនេះ ភ្នាក់ងារកីឡាករ Yaya Toure លោក Dimitri Seluk បានឲ្យដឹងថា ខ្សែបម្រើ “ត្រៀមខ្លួនរួចរាល់” ក្នុងការបន្តលេងនៅក្លឹបធំៗ Premier League ហើយព្រមទទួលយកប្រាក់ឈ្នួលដ៏សែនទាប ត្រឹម ១ ផោន (១,៣៤ ដុល្លារសហរដ្ឋអាមេរិក)។
ភ្នាក់ងារកីឡាករ Yaya Toure លោក Dimitri Seluk
លោក Seluk បាននិយាយច្បាស់ៗប្រាប់សារព័ត៌មាន Sport24 ថា ខ្សែបម្រើ Toure នឹងបន្តលេងក្នុងលីគកំពូលអង់គ្លេស ដើម្បី “បញ្ជាក់ឲ្យអ្នកគាំទ្រ Manchester Cityដឹងថាកីឡាកររូបនេះមិនទាន់លេងមិនកើតឡើយ”។
លោកភ្នាក់ងាររូបនេះ បានប្រកាសក្ដែងៗថា ខ្សែបម្រើកូឌីវ័រនឹងចូលរួមជាមួយក្លឹបធំៗនៅអង់គ្លេស ដោយ “ព្រមយកឈ្នួលត្រឹម ១ ផោន ក្នុងមួយសប្ដាហ៍”។ យ៉ាងនេះក្ដី លោក Seluk បានបញ្ជាក់ថា ក្លឹបថ្មីរបស់ Toure ត្រូវតែផ្ដល់ប្រាក់លើកទឹកចិត្ត “ផ្អែកលើអត្រាជោគជ័យរបស់កីឡាករ” អមជាមួយនឹងប្រាក់នឿយហត់ដ៏តិចមួយនេះ។
លោកភ្នាក់ងារ បានបន្តថា កីឡាករ Yaya Toure គឺពិតជាល្អសម្រាប់ក្លឹប Arsenal, Chelsea, Tottenham, Liverpool និង Manchester United។
សូមបញ្ជាក់ផងដែរ Yaya Toure បានចាកចេញពី Manchester City កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីផុតកុងត្រា ក្រោយរួមរស់ជាមួយគ្នាអស់ពេលជាង ៨ ឆ្នាំ។ ទោះជាយ៉ាងណា តាំងពីលោក Pep Guardiola ចូលមកកាន់តួនាទីជាអ្នកចាត់ការក្លឹបកាលពីឆ្នាំ ២០១៦មក ខ្សែបម្រើ Toure ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនយល់ថា បានបាត់បង់ភាពសំខាន់ខ្លួននៅក្លឹប ដោយកីឡាកររូបនេះមិនសូវត្រូវបានលោកអ្នកចាត់ការសញ្ជាតិអេស្ប៉ាញដាក់ឲ្យចូលលេងឡើយ៕
Via :news.sabay