អ៊ីរ៉ង់ បានក្លាយជាក្រុមបាល់ទាត់ជម្រើសជាតិដំបូងគេក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់យុទ្ធនាការ World Cup កាលពីថ្ងៃអង្គារ ពោលគឺរយៈពេល៩ថ្ងៃ នៅមុនពេលការប្រកួតចាប់ផ្តើមនាថ្ងៃទី១៤ ខែមិថុនា ដល់ទី១៥ ខែកក្កដា។
ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូល B រួមជាមួយនឹងម្ចាស់ជើងឯកឆ្នាំ២០១០ អេស្ប៉ាញ ក្រុមម្ចាស់ជើងឯកអឺរ៉ុប ព័រទុយហ្គាល់ និងម៉ារ៉ុក។ លោក Carlos Queiroz អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានឲ្យដឹងថា៖ «ការស្ថិតក្នុងប្រទេសរុស្ស៊ី គឺជាសុបិនមួយដែលក្លាយជាការពិតសម្រាប់កីឡាបាល់ទាត់អ៊ីរ៉ង់។ យើងសម្រេចបានសុបិននេះតាមរយៈការខិតខំធ្វើការ និងការលះបង់នានា ដែលធ្វើឲ្យកិត្តិយស និងសិទ្ធិដែលយើងមាន កាន់តែខ្ពស់»។
អ៊ីរ៉ង់ នឹងត្រូវបោះជំរំនៅទីលានហ្វឹកហាត់ Lokomotiv Bakovka Training ក្នុងទីក្រុងម៉ូស្គូ។ នេះនឹងក្លាយជាការបង្ហាញខ្លួនជាលើកទី៥ របស់ពួកគេក្នុងជុំផ្តាច់ព្រ័ត្រ។ លោក Queiroz បានបន្ថែមទៀតថា៖ «ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នឹងរីករាយក្នុងការស្ថិតនៅជាមួយនឹងក្រុមខ្លាំងៗបំផុត និងស្ថិតជាផ្នែកមួយនៃក្រុមគ្រួសារ World Cup ដ៏អស្ចារ្យមួយនេះ។ យើងមកដល់ដោយចង់រក្សាក្តីសុបិនឲ្យមានរយៈពេលយូរតាមដែលអាច ហើយយើងនឹងសម្លឹងឆ្ពោះទៅកាន់ការចូលរួមលេងក្នុងការធ្វើឲ្យ World Cup មានកម្រិតដ៏ល្អបំផុតមិនធ្លាប់មានពីមុនមក»។
ក្រុមរបស់លោក Queiroz នឹងត្រូវលេងការប្រកួតមិត្តភាពមួយជាមួយនឹងក្រុមជម្រើសជាតិលីទុយអានី ក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទី៨ ខែមិថុនា ហើយនិងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក នាកីឡដ្ឋាន Petersburg នៅថ្ងៃទី១៥ ខែមិថុនា៕