អ្នក​ចាំ​ទី David De Gea ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ជា​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​តែ​មួយ​រូប​គត់ ដែល​មិន​បាន​ទះ​ដៃ​អបអរ ក្រោយ​នាយករដ្ឋមន្ត្រី​ថ្មី លោក Pedro Sanchez ថ្លែង​សុន្ទរកថា​ជួន​ពរ​ចប់។

ក្នុង​ថ្ងៃ​នេះ នាយករដ្ឋមន្ត្រី​ថ្មី​អេស្ប៉ាញ​ លោក Pedro Sanchez បាន​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ ដែល​ប្រុង​ប្រៀប​ខ្លួន​ទៅ​លេង World Cup នៅ​រុស្ស៊ី​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ក្នុង​ឱកាស​នេះ​ដែរ លោក Sanchez ក៏​បាន​ថ្លែង​សុន្ទរកថា​ខ្លី​ដើម្បី​ជូន​ពរ​ក្រុម​ឲ្យ​មាន​សំណាង​ល្អ និង​ជោគ​ជ័យ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​លើក​នេះ។

យ៉ាង​នេះ​ក្ដី ក្រោយ​លោក​ថ្លែង​សុន្ទរកថា​ចប់ កីឡាករ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទាំង​អស់ ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ទះ​ដៃ​អបអរ​ លើក​លែង​តែ​អ្នក​ចាំ​ទី​ក្លឹប​បិសាច​ក្រហម​ De Gea មួយ។ បន្ថែម​ពី​លើ​នេះ ក្នុង​អំឡុង​ពេល​ដែល​នាយករដ្ឋមន្ត្រី​មក​សួរ​សុខ​ទុក្ខ កីឡាករ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ថា​មាន​មុខ​មាំ ហាក់​មិន​សប្បាយ​ចិត្ត​នឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ សាមី​ខ្លួន​ផ្ទាល់​មិន​ទាន់​បាន​បក​ស្រាយ​ថា​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​បញ្ចេញ​ឥរិយាបថ​បែប​នេះ​ឡើយ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អេស្ប៉ាញ​ល្បីៗ​ជា​ច្រើន​ បាន​ឲ្យ​ដឹង​ថា De Gea ទំនង​ជា​ “ចង់​សង​សឹក” នឹង​លោក​នាយករដ្ឋមន្ត្រី Sanchez ដែល​បាន​និយាយ​រិះគន់​ខ្លួន​កាល​ពី​ ២ ឆ្នាំ​មុន។

កាល​ពី​ឆ្នាំ ២០១៦ ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ប្រកួត Euro មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ De Gea ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ “ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផ្លូវ​ភេទ ​លើ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មិន​ទាន់​គ្រប់​អាយុ” នៅ​ឆ្នាំ ២០១២។ ក្រោយ​បែក​រឿង​នេះ ​លោក Pedro Sanchez ដែល​កាល​នោះ​នៅ​ជា​ប្រមុខ​បក្ស​ប្រឆាំង​នៅ​ឡើយ លោក​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ពេញ​ចិត្ត De Gea ធ្វើ​ជា​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​យើង​ឡើយ”។

ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ De Gea បដិសេធ​ច្រាន​ចោល​ជា​រឿយៗ។ បន្ថែម​ពី​លើ​នេះ បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ក្រោយៗ​មក ក៏​បាន​បញ្ជាក់​ថា មិន​មាន​ភស្តុតាង​ច្បាស់​លាស់​មួយ​ណា អាច​យក​ធ្វើ​ជា​ការ​ដាក់​បន្ទុក​កីឡាករ​អេស្ប៉ាញ​ក្នុង​បទ​ចោទ​នេះ​ផងដែរ។

យ៉ាង​នេះ​ក្ដី ក្នុង​ថ្ងៃ​នេះ​ដែរ ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​លោក Luis Rubiales បាន​ទាត់​ចោលព័ត៌មាន De Gea មិន​ទះ​ដៃ​ដោយ​សារ​ចង់​សងសឹក​លោក Sanchez។ លោក​ Rubiales បាន​បង្ហើប​ថា លោក​នាយករដ្ឋមន្ត្រី Pedro Sanchez បាន​រួសរាយ​រាក់ទាក់​ណាស់​ដាក់ De Gea ហើយ​ថែម​ទាំង​បង្ហាញ​ពី​អារម្មណ៍​រីករាយ​របស់​លោក​នៅ​ពេល​ឮ​ដំណឹង​ថា​កីឡាករ​ចាំ​ទី​រូប​នេះ​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដូច​ការ​ចោទ។

សូមបញ្ជាក់ផង​ដែរថា លោក Pedro Sanchez ទើបឡើងជានាយករដ្ឋមន្ត្រីអេស្ប៉ាញ​ជំនួស លោក Mariano Rajoy កាលពីពេលថ្មីៗនេះ៕
Via :news.sabay