ខ្សែបម្រើប្រយុទ្ធ Eden Hazard បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន ១គ្រាប់ទៀត ក្នុងពេលពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាពមុនយុទ្ធនាការ World Cup លើក្រុមជម្រើសជាតិអេហ្ស៊ីប កាលពីថ្ងៃពុធ ដើម្បីជួយឲ្យអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក រក្សាក្តីសង្ឃឹមនៃការប្រជែងពាន World Cup។
ខណៈដែលត្រូវបានចាប់ឆ្នោតក្នុងពូល G ដោយមានក្រុមជម្រើសជាតិអង់គ្លេស ទុយនីស៊ី និងក្រុមជម្រើសជាតិប៉ាណាម៉ា ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ត្រូវបានរំពឹងទុកថា នឹងឈានទៅប្រកួតជុំទី២ ដោយងាយនៃយុទ្ធនាការដែលចាប់ផ្តើមដំណើរការពីថ្ងៃទី១៤ ខែមិថុនា ដល់ទី១៥ ខែកក្កដា មួយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោកគ្រូបង្វឹក Roberto Martinez មិនទាន់បានឈ្នះចិត្តអ្នកគាំទ្រនៅឡើយទេ និងកំពុងតែរង់ចាំយ៉ាងអន្ទះសារទៅលើភាពដ៏រឹងមាំរបស់ខ្សែការពារដ៏សំខាន់ Thomas Vermaelen និង Vincent Kompany ដែលសុទ្ធសឹងមានបញ្ហារបួសភ្លៅ និងក្រលៀនរៀងៗខ្លួន។
Hazard ដែលជាតារាឆ្នើមរបស់ Chelsea និងដែលបានគេចផុតពីបញ្ហារបួសជង្គង់របស់គេនៅនាទីបើកឆាក មុននឹងត្រូវប្តូរចេញនៅត្រឹមតង់ទី១នោះ បានបញ្ជាក់ថា វាការបង្ហាញពីទម្រង់លេងមួយដែលក្រុមជម្រើសជាតិបែលហ្ស៊ិក ត្រូវតែធ្វើឲ្យបានម្តងទៀតក្នុងប្រទេសរុស្ស៊ី ប្រសិនបើពួកគេចង់ទទួលបានការអភិវឌ្ឍ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានចាកចេញនៅត្រឹមតង់ទី១ ពីព្រោះខ្ញុំបានជួបបញ្ហារបួសនៅត្រង់ជង្គង់របស់ខ្ញុំ ប៉ុន្តែវាគ្មានអ្វីត្រូវបារម្ភឡើយ។ វានឹងមានភាពល្អប្រសើរនៅថ្ងៃស្អែកនេះ។ វាជារឿងដ៏ល្អក្នុងការបន្ថែមភាពស៊ីចង្វាក់គ្នាក្នុងការប្រកួតនេះ ដើម្បីបង្កើតឱកាសជាច្រើន និងរកបានគ្រាប់បាល់បញ្ចូលទី»៕