ក្លឹប Barcelona មានការចាប់អារម្មណ៍ចង់បានកីឡាករ Kalidou Koulibaly។ ខ្សែការពារកណ្តាលរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អ នៅក្របខណ្ឌកំពូល SerieA ប្រទេសអ៊ីតាលីជាមួយនឹងក្លឹបបច្ចុប្បន្នរបស់ខ្លួនគឺ Napoli។ Koulibaly គឺជាកីឡាករម្នាក់ ក្នុងចំនោមកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិសេណេហ្គាល់រួមជាមួយមិត្តរួមជាតិខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool ដែលកំពុងត្រៀមធ្វើដំណើរទៅចូលរួមការប្រកួតព្រឹត្តការណ៏ World Cup ២០១៨ រដូវក្តៅនេះនៅប្រទេសរុស្ស៊ី។

ម្ចាស់ជើងឯក La liga Barcelona កំពុងត្រៀមធ្វើការលើការផ្លាស់ប្តូរកីឡាករមួយចំនួនចេញដើម្បីនាំយក កីឡាករវ័យ ២៦ឆ្នាំ Koulibaly ដែលមានតម្លៃប្រហែល ៤០លានអឺរ៉ូ ជាថ្នូរនឹងការបូកថែមជាមួយកីឡាករ Andre Gomes, Paco Alcacer ឬ Denis Suarez ដើម្បីដាក់អោយក្រុម Napoli ពិចារណា។ ទោះជាយ៉ាងណាក៏ដោយ Barcelona មិនមែនជាក្លឹបតែមួយដែលបង្ហាញពីចំណាប់អារម្មណ៍ចង់បាន Koulibaly ទេ។ ក្រុមកាំភ្លើងធំ Arsenal បានផ្តល់ទឹក 53លានអឺរ៉ូ និងក្រុមតោខៀវ Chelsea 60លាន អឺរ៉ូផងដែរ។

បន្ទាប់ពីបញ្ចប់រដូវកាលជាមួយនឹងការឈ្នះពានក្នុងស្រុក ២ យ៉ាងណាក្តី ក្រុម Barcalona ក្រោមការដឹកនាំគ្រូបង្វឹកលោក Ernesto Valverde កំពុងតែធ្វើការកែលម្អក្រុមពង្រឹង ក្រុមរបស់ខ្លួនសម្រាប់យុទ្ធនាការរដូវកាលក្រោយទៀត។ ទោះបីជាបច្ចុប្បន្នក្រុមបានផ្តោតការអារម្មណ៍ចង់បាន Antoine Griezmann របស់ក្រុម At.Madrid ប៉ុន្តែក្រុមនៅតំបន់កាតាឡាន់មួយនេះ ក៏កំពុងសំលឹងរកការកែលំអផ្នែកផ្សេងទៀត ពោលគឺតំបន់ការពារ ដោយសំលឹងឃើញកីឡាករបារាំង Clement Lenglet របស់ក្រុម Sevilla និង Koulibaly នេះឯង ។