Nabil Fekir ប្រធានក្រុមនៃក្រុម Lyon នឹងត្រូវចូលរួមជាមួយនឹងក្លិបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ៥៣លានផោន (ស្មើនឹង៧១លានដុល្លារអាមេរិក)។ នេះបើយោងទៅបណ្តាញសារព័ត៌មានចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍។
ខណៈដែលក្រុមកំពុងតែសម្លឹងឆ្ពោះទៅកាន់ការស្តារមុខមាត់ឡើងវិញពីការខកចិត្តនៃការចាញ់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីខែមុន Liverpool បានធ្វើការពង្រឹងជម្រើសក្នុងតំបន់បម្រើរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះ តាមរយៈការនាំយកខ្សែបម្រើឆ្នើម Fabinho ពីក្លិប Monaco និង Naby Keita ក្នុងការផ្ទេរមួយដែលត្រូវបានព្រមព្រៀងគ្នាជាមួយនឹងក្លិប RB Leipzig កាលពីរដូវក្តៅមុន។
Fekir ដែលអាចលេងទាំងក្នុងតំបន់បម្រើ និងប្រយុទ្ធនោះ នឹងត្រូវបំពេញកន្លែងទំនេរមួយដែលត្រូវបានចាកចេញដោយខ្សែបម្រើដ៏មានឥទ្ធិពល Philippe Coutinho ទៅកាន់ក្លិប Barcelona កាលពីខែមករា។ ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ គឺជាសមាជិកម្នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង សម្រាប់យុទ្ធនាការ World Cup នាពេលខាងមុខនេះ។
Liverpool ពិតជាចង់បំពេញការផ្ទេរមួយនេះ នៅមុនពេល Fekir ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្រោយពីការប្រកួតកម្តៅសាច់ដុំជាលើកចុងក្រោយរបស់ក្រុមជម្រើសជាតិបារាំង ជាមួយនឹងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ។ បណ្តាញសារព័ត៌មាន BBC បានចេញផ្សាយថា៖ «ការពិភាក្សាផ្សេងៗរវាងក្លិប អាចនឹងបញ្ចប់នៅត្រឹមថ្ងៃសុក្រនេះ អំពីការផ្ទេរមួយដែលអាចនឹងមានតម្លៃខ្លួនជាទឹកប្រាក់៦០លានអឺរ៉ូ»៕