ពានរង្វាន់បាលមាស(Ballon d’Or) ពានរង្វាន់បាល់ទាត់ពិភពលោក(World Cup) និងពានក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League គឺជាពានប្រកបដោសក្តានុពល និងកិត្តិយសដ៏អស្ចារ្យបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់អាជីព និងក្រុមជម្រើសជាតិ ហើយនាពេលកន្លងមកនេះតែកីឡាករ ៨នាក់ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់នេះ។

នៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់មានកីឡាករ ៤៣នាក់ប៉ុណ្ណោះដែលបានឈ្នះពាន Ballon d’Or និង ប្រាំបីប្រទេសប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់បាល់ទាត់ FIFA World Cup ហើយមានតែ ២២ក្រុមប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់ UEFA Champions League ឬពានរង្វាន់ European Cup ពីមុនមក។
វាជាក្តីសុបិន្តរបស់កីឡាករបាល់ទាត់ដែលមានសមត្ថភាពភាគច្រើនក្នុងការឈ្នះពានរង្វាន់ណាមួយ ប៉ុន្តែឱកាសគឺថាលុះត្រាតែអ្នកនោះបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឬ ក្របខ័ណ្ឌ Champions League បើមិនដូច្នេះទេ អ្នកនោះនឹងមិនមានឪកាសខ្ពស់ឈ្នះ Ballon d’Or ទេ។
ខាងក្រោមនេះគឺជាកីឡាករទាំង ៨រូបដែលមានដូចតទៅនេះ:
១. Bobby Charlton

កីឡាករដ៏ឆ្នើមនិងជាវីរបុរសរបស់ក្រុម Manchester United លោក Bobby Charlton គឺជាកីឡាករទី១ ដែលធ្លាប់បានឈ្នះពាន Ballon d’Or, FIFA World Cup និងពានរង្វាន់ European Cup។ ខ្សែបម្រើ Charlton បានចំណាយពេលស្ទើរតែទាំងអស់ក្នុងអាជីពរបស់ខ្លួនសម្រាប់ក្លឹប Manchester United។ គាត់បានស៊ុតបាល់បញ្ចូលទី ២៤៩គ្រាប់សម្រាប់ក្លឹបក្នុង ៧៥៨ប្រកួតហើយគឺជាអ្នកដែលបានរស់រានមានជីវិតពីគ្រោះមហន្តរាយធ្លាក់យន្តហោះនៅ Munich។ គាត់គឺជាសមាជិកដ៏សំខាន់នៃក្រុមជម្រើសជាតិអង់គ្លេសដែលបានឈ្នះពានរង្វាន់បាល់ទាត់ FIFA World Cup តែមួយប៉ុណ្ណោះក្នុងឆ្នាំ១៩៦៦។
២. Paolo Rossi

កីឡាករអ៊ីតាលី ៥រូបបានឈ្នះពានរង្វាន់ Ballon d’Or ខណៈដែលអ៊ីតាលីបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA បួនដង ហើយមានតែរូបគាត់តែមួយគត់ដែលឈ្នះពាន៣ ខាងលើគឺលោក Paolo Rossi ក្រោយជួយអោយអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ១៩៨២ និង ពានរង្វាន់បាល់មាសព្រមទាំង UEFA Champion League នៅរដូវកាល១៩៨២-១៩៨៣ ជាមួយក្រុម Juventus។
៣. Gerd Muller

កីឡាករ Gerd Muller គឺជាកីឡាករស៊ុតបាល់បញ្ចូលទីក្នុងអំឡុង ពេលលេងអោយក្រុម Bayern Munich ដោយស៊ុតបញ្ចូលទី ៥៦៤គ្រាប់ក្នុង ៦០៥ប្រកួតសម្រាប់ក្រុម Bayern Munich។ មុនបញ្ចប់អាជីពគាត់រកបានគ្រាប់បាល់ ៧២១គ្រាប់ ក្នុង ៧៦៩ប្រកួត។ Muller ធ្លាប់រកគ្រាប់បាល់បាន ១០គ្រាប់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៧០ ទោះបីជាអាល្លឺម៉ង់បរាជ័យក្នុងការឈ្នះពានរង្វាន់ក៏ដោយ។ ទោះជាយ៉ាងណា Muller បានឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនោះផងដែរ។ ៤ឆ្នាំក្រោយមក នៅឆ្នាំ១៩៧៨ Muller បានជួយអោយអាឡឺម៉ង់លើកពាន World Cup ក្រោយផ្តួលហូឡង់នៅវគ្គផ្តាច់ព្រ័ត្រ។
៤. Franz Beckenbauer

Beckenbauer គឺជាមិត្តរួមក្រុមនិងជាប្រធានក្រុមរបស់ Muller នៅក្លឹប Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់។
គាត់ត្រូវបានគេតែងតាំងជាប្រធានក្រុមអាល្លឺម៉ង់នៅឆ្នាំ១៩៧១ ហើយនៅឆ្នាំបន្ទាប់(១៩៧២)គាត់បានដឹកនាំក្រុមឈ្នះពានរង្វាន់អ៊ឺរ៉ុប Champion League និងជាឆ្នាំដ៏អស្ចារ្យរបស់គាត់ដែលឈ្នះពាន Ballon d’Or ជាលើកដំបូងផងដែរ។ នៅឆ្នាំ១៩៧៦ នៅពេលក្រុម Bayern Munich ឈ្នះពានរង្វាន់អឺរ៉ុបលើកទី៣ Beckenbauer ក៏បានឈ្នះពានបាល់ មាសជាលើកទី២ ផងដែរ។ គាត់គឺជាបុរសតែម្នាក់គត់ដែលឈ្នះពានរង្វាន់ World Cup នៅឆ្នាំ១៩៧៤ ក្នុងនាមជាកីឡាករ និងឈ្នះពាន World Cup ម្តងទៀតក្នុងនាមជាគ្រូបង្វឹកអោយក្រុមជម្រើសជាតិអាឡឺម៉ង់ខាងលិចនៅឆ្នាំ១៩៩០។
៥. Zinedine Zidane

បុរសសញ្ជាតិបារាំងដើមកំណើតអាល់ហ្សេរីរូបនេះ ធ្លាប់ជួយក្រុមបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំ១៩៩៨ ក្រោយស៊ុតបញ្ចូលទី ២គ្រាប់នៅវគ្គផ្តាចព្រ័ត្រដើម្បីផ្តួលជើងខ្លាំងប្រេស៊ីល ៣:0។ បន្ទាប់មកទៀត Zidane បានឈ្នះពានបាល់មាស(Ballon D’or) ជាមួយក្រុម Jvuentus នៅឆ្នាំ១៩៩៨ ផងដែរ ព្រមទាំងឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប(Champion League)ជាមួយក្រុមអធិរាជស Real Madrid នៅឆ្នាំ២០០២។ ក្រោយចូលមកដឹកនាំក្រុម Real Madrid នៅពាក់កណ្តាលរដូវកាល(២០១៥-២០១៦) Zidane បានជួយក្រុមឈ្នះពានចំនួន៩ ព្រមជាមួយពាន La liga ១ដង និង Champion League ៣ដង មុនពេលលាលែងពីតំណែងដ៏គួរអោយភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ។
៦. Rivaldo

Rivaldo, Brazil
វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលរូបនេះធ្លាប់បានចំណាយពេល ៥រដូវកាលលេងអោយក្រុម Barcelona ចន្លោះឆ្នាំ(១៩៩៧-២០០២) ហើយបានឈ្នះពានបាល់មាស(Ballon D’or)នៅឆ្នាំ១៩៩៩ ក្រោយរូបគេឈ្នះពាន La Liga និង Copa America ផងដែរ។ នៅឆ្នាំ២០០២ Rivaldo បានជួយក្រុមប្រេស៊ីលឈ្នះពាន World Cup ២០០២ និងបន្តឈ្នះពានទ្វីបអឺរ៉ុបក្នុងរដូវកាលដំបូងជាមួយក្រុម AC.Milan នៅរដូវកាល(២០០២-២០០៣)ខណៈរូបគេបានត្រឹមអង្គុយជាកីឡាករបម្រុងក៏ដោយ។
៧. Ronaldinho

ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់នៅដើមសតវត្សទី២១ កំលុងឆ្នាំ២០០០ ពិតជាបានស្គាល់គាត់ច្បាស់ណាស់។ Ronaldinho ធ្លាប់ឈ្នះពានបាល់មាស(Ballon D’or)នៅឆ្នាំ២០០៥ កំលុងពេលលេងអោយក្រុម Barcelona និងពានរង្វាន់ Champion League រដូវកាល(២០០៥-២០០៦)ក្រោយពេលក្រុម Barcelona ផ្តួល Arsenal នៅវគ្គផ្តាច់ព្រ័ត្រ។
៨. Kaka

Kaka គឺជាកីឡាករចុងក្រោយដែលឈ្នះពានបាល់មាសមុនពេល Ronaldo និង Messi បានចែកគ្នាឈ្នះពាន (BallonD’or) នេះ ៥ដងម្នាក់រយៈពេល ១០ឆ្នាំចុងក្រោយនេះ។ អតីតខ្សែបម្រើ AC.Milan និង Real Madrid រូបនេះ ធ្លាប់បានចូលលេងត្រឹមតែ ២៥នាទីប៉ុណ្ណោះ ក្នុងនាមជាសមាជិកទាំង ២៣រូបដែលឈ្នះពាន World Cup ២០០២ ជាមួយជម្រើសជាតិប្រេស៊ីល។
ក្រោយផ្ទេរពីក្រុម Sao Paolo ទៅ AC.Milan រូបគេបានជួយក្រុមលើកពានទ្វីបអឺរ៉ុប(Champion League) នៅរដូវកាល(២០០៦-២០០៧)ជាមួយក្រុម AC.Milan និងឈ្នះពានបាល់មាស(Ballon D’or)នាឆ្នាំដដែលនោះ។
ប្រភព៖ sportskeeda
