ខ្សែបម្រើ Andres Iniesta ក្នុងថ្ងៃនេះ បានអំពាវនាវឲ្យក្រុមជម្រើសជាតិអេស្ប៉ាញប្រឹងប្រែងលេងពេលប៉ះព័រទុយហ្គាល់ក្នុង World Cup ខាងមុខ និងយកទុកដាក់ខ្ពស់លើខ្សែប្រយុទ្ធ Cristiano Ronaldo។

Iniesta បាននិយាយប្រាប់សារព័ត៌មាន Cadena Cope ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ជា “ក្រុមដែលពិបាកក្នុងយកឈ្នះ”។ ដូច្នេះខ្សែបម្រើរូបនេះយល់ថា អេស្ប៉ាញត្រូវតែលេងទម្រង់ឲ្យបានល្អដល់កម្រិតកំពូលពេលជួបជម្រើសជាតិអឺរ៉ុបមួយនេះ។
អតីតកីឡាករក្លឹបអ្នកមានបុណ្យ បានហៅ Cristiano Ronaldo ថាជា “កីឡាករដ៏អស្ចារ្យ” សម្រាប់ព័រទុយហ្គាល់ ក្នុងន័យទំនងចង់ឲ្យមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនយកចិត្តទុកដាក់ឲ្យមែនទែនទៅលើខ្សែប្រយុទ្ធ Real Madrid។

សូមបញ្ជាក់ផងដែរថា អេស្ប៉ាញ និងព័រទុយហ្គាល់នឹងត្រូវប៉ះគ្នានៅកម្មវិធី World Cup នៅថ្ងៃទី ១៥ មិថុនាខាងមុខ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី។
គិតពីឆ្នាំ ២០០២ មក ក្រុមជម្រើសជាតិទាំងពីរធ្លាប់មានប្រវត្តិសាស្ត្រប៉ះគ្នា ចំនួន ៦ លើក ក្នុងនោះ អេស្ប៉ាញឈ្នះ ២ ព័រទុយហ្គាល់ឈ្នះ ២ និងស្មើ ២លើក៕


Via :news.sabay
