Atletico Madrid បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Monaco ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាប Thomas Lemar សម្រាប់តម្លៃខ្លួន ៦០លានអឺរ៉ូ (ស្មើនឹង៧០លានដុល្លារអាមេរិក) នៅថ្ងៃតែមួយដែលតារាឆ្នើម Antoine Griezmann បានបដិសេធក្នុងការបញ្ជាក់ពីអនាគតរបស់គេទៅកាន់ក្លិបយក្សអេស្ប៉ាញមួយនេះ។

Lemar វ័យ ២២ឆ្នាំ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរជាច្រើនទៅកាន់ក្លិប Liverpool និង Arsenal ជុំវិញរយៈពេល ១២ខែកន្លងមកនេះ ប៉ុន្តែ បច្ចុប្បន្នហាក់ដូចជាស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅកាន់អេស្ប៉ាញ។ Atletico Madrid បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារថា៖ «ក្លិប Atletico de Madrid និងក្លិប AS Monaco បានឈានដល់ការព្រមព្រៀងគ្នាជាបឋមមួយជុំវិញការផ្ទេរកីឡាករ Thomas Lemar មកកាន់ក្លិបរបស់យើង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ក្លិបទាំង២ នឹងធ្វើការដើម្បីបំពេញការព្រមព្រៀងគ្នាផ្សេងៗសម្រាប់ការផ្ទេរដ៏ជាក់លាក់នេះ»។

ខ្សែបម្រើស្លាបអន្តរជាតិបារាំងរូបនេះ ដែលកំពុងតែស្ថិតក្នុងប្រទេសរុស្ស៊ី សម្រាប់យុទ្ធនាការ World Cup បានចូលរួមជាមួយនឹងក្លិប Monaco ក្នុងឆ្នាំ២០១៥ ពីក្លិប Caen និងបានបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕
Lemar នឹងចាកចេញពី Monaco ដើម្បីចូលរួមជាមួយ Atletico ក្នុងតម្លៃខ្លួន ៦០លានអឺរ៉ូ
អត្ថបទទាក់ទង
