ក្រុមជើងឯកអឺរ៉ុប Real Madrid បានប្រកាសពីការតែងតាំងលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីរបស់ ពួកគេ ដើម្បីជំនួសកៅអីគ្រូបង្វឹក Zinedine Zidane ដែលបានចុះចេញពីតំណែងកាលពីចុងខែឧសភា ឆ្នាំ២០១៨។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះថា គ្រូបង្វឹកថ្មីសញ្ជាតិអេស្ប៉ាញ Lopetegui បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំនៅកីឡដ្ឋាន Santiago Bernabeu ជាជាអតីតធ្លាប់ដឹកនាំ FC Porto របស់ព័រទុយហ្គាល់បាន២ឆ្នាំ មុនពេលចូលដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

បុរសវ័យ ៥១ឆ្នាំ Lopetegui នឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីនៅ Real Madrid ជាផ្លូវការ ក្រោយបញ្ចប់យុទ្ធនាការ World Cup 2018 នៅប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមប្រកួតស្អែកនេះតទៅ។ Lopetegui ជាអតីតអ្នកចាំទី និងធ្លាប់ជាកីឡាកររបស់ក្លឹប Real Madrid ផងដែរ ដោយបានចូលលេងបានចំនួន ១០៧ប្រកួតថែមទៀតផង។

លោក Lopetegui បានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកចាប់តាំងពីឆ្នាំ២០០៣ ដោយធ្វើជាគ្រូជំនួយរបស់ក្រុមជម្រើសជាតិ U-17 អេស្ប៉ាញ មុនពេលចូលដឹកនាំ U-19 U-20 និង U-21 មុនពេលផ្លាស់ទៅដឹកនាំ FC Porto៕