ការ​ប្រកួត​រវាង​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​​​ក្រុម​ជម្រើស​ជាតិ​​ព័រទុយហ្គាល់​​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ក្តៅ​គគុក​តែ​ម្តង ប៉ុន្ត​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ ​៣ – ៣ ក្នុង​ការ​ប្រកួត​ពូល​​ B នៃ​ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។

ក្រុម​ព័រទុយហ្គាល់
ការ​ប្រកួត​វេលា​ម៉ោង​១​យប់​រំលង​អាធ្រាត្រ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ដំណើរ​បាន​តែ​៤​នាទី​ប៉ុណ្ណោះ​​​គ្រាប់​បាល់​​ក៏​កើត​ឡើង។ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Christiano Ronaldo បាន​អូស​បាល់​ចូល​ទី​តំបន់​គ្រោះ​ថ្នាក់ ហើយ​ត្រូវ​បាន​ខ្សែ​ការពារ​អេស្ប៉ាញ​ទាក់​ជើង។ អាជ្ញា​កណ្តាល​បាន​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ធ្វើ​ឲ្យ CR7 ស៊ុត​បាន​សម្រេច​ដើម្បី​នាំ​មុខ ១-០ ត្រឹម​នាទី​៤។

បន្ទាប់​ពី​គេ​នាំ​មុខ អេស្ប៉ាញ​បា​ន​ព្យាយាម​វាយ​សម្រុក និង​បាន​បញ្ចប់​​ភាព​រីក​រាយ​របស់​ព័រទុយហ្គាល់​​នៅ​នាទី​ទី​២៤​​តាម​រយៈ​ការ​ស៊ុត​ចូល​ទី​ដ៏​អស្ចារ្យ​​ដោយ​ខ្សែ​ប្រយុទ្ធ Diego Costa ដើម្បី​តាម​ស្មើ​ ១-១។ ក្រោយ​ពេល​តាម​ស្មើ អេស្ប៉ាញ​នៅ​តែ​វាយ​សម្រុក​ខ្លាំង​ ខណៈ​ព័រទុយហ្គាល់​ព្យាយាម​លេង​បាល់​មួយ​ៗ និង​ការពារ​​ច្រើន។ យ៉ាង​ណានៅ​នាទី​ទី​៤៤ ព័រទុយហ្គាល់​បាន​ទម្លាយ​សំណាញ់​ទី​របស់​អេស្ប៉ាញ​ជា​លើក​ទី​២​ដែល​​គ្រាប់​បាល់​នេះ​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​លេខ​៧​ដដែល​ដើម្បី​នាំ​មុខ ២-១។

ក្រុម​អេស្ប៉ាញ
ការ​ប្រកួត​នៅ​វគ្គ​ទី​២ អេស្ប៉ាញ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​​ល្អ​ដដែល​ដោយ​បាន​ដាក់​សម្ពាធ​លើ​ព័រទុយហ្គាល់​ជា​បន្ត​បន្ទាប់។ ការ​ដាក់​សម្ពាធ​នេះ​ពិត​ជា​បាន​លទ្ធផល​មែន​ដោយ​​​ Diego Costa ស៊ុត​គ្រាប់​បាល់​ទី​២​នៅ​នាទី​ទី​៥៥​ដើម្បី​តាម​ស្មើ​ ២-២។ ៣​នាទី​បន្ទាប់​ពោល​គឺ​នាទី​ទី​៥៨ ខ្សែ​ការពារ Fernendez បាន​ស៊ុត​ដ៏​អស្ចារ្យ​ចូល​ទី​បាន​សម្រេច​ដើម្បី​នាំ​មុខ ៣-២ វិញ​ម្តង។

តាម​រយៈ​គ្រាប់​បាល់​នាំ​មុខ និង​មាន​ប្រៀប ក្រុម​អេស្ប៉ាញ​បាន​ព្យាយម​លេង​​មួយ​ៗ​ដោយ​មិន​ខំ​ប្រឹង​សម្រុក​ខ្លាំង​ឡើយ។ ចំណែក​ព័រទុយហ្គាល់​​​បាន​បង្កើត​ការ​ដាក់​គំនាប​​ជា​បន្ត​បន្ទាប់ និង​កាន់​តែ​វាយ​សម្រុក​ខ្លាំង​នៅ​ចុង​វគ្គទី២។ ទីបំផុត​ព័រទុយហ្គាល់​​ទទួល​បាន​បាល់​ពិន័យ​ហ្វ្រីឃីក​នៅ​នាទី​ទី​៨៨។ វា​ពិត​ជា​អស្ចារ្យ​ណាស់ Ronaldo ស៊ុត​បាល់​​ហ្វ្រីឃីក​យ៉ាង​ល្អ​ចូល​ទី​អេស្ប៉ាញ​បាន​សម្រេច​ដើម្បី​តាម​ស្មើ​ ៣-៣។

លទ្ធផល ៣-៣ នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត​ដែល​ក្រុម​ទាំង​ពីរ​ចែក​គ្នា​បាន​១​ពិន្ទ​ម្នាក់​ប៉ុណ្ណោះ។ ពូល​ B នេះ​ក្រុម​អ៉ីរ៉ង់​មាន​៣​ពិន្ទុ​ឈរ​លេខ​១ ខណៈ​ព័រទុយហ្គាល់ និង​អេស្ប៉ាញ​​ឈរ​លេខ​២ និង​លេខ​៣​ដោយ​មាន​១​ពិន្ទុ​ស្មើ​គ្នា ហើយ​ម៉ារ៉ុក​នៅ​បាត​តារាង៕



ប្រភពពី: Sabay