អតីតខ្សែប្រយុទ្ធរបស់ក្លិប Parma, Inter និង Chelsea បានធ្វើការរិះគន់មិត្តភាពក្រុមរបស់តារាឆ្នើម Lionel Messi សម្រាប់ការមិនអាចផ្តល់ជំនួយដែលត្រូវការជាចាំបាច់សម្រាប់រូបគេក្នុងការទទួលជ័យជម្នះ។ អតីតខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Hernan Crespo បានចេញមុខការពារ Messi តាមរយៈការបញ្ជាក់ថា រូបគេត្រូវការជំនួយពីមិត្តរួមក្រុមរបស់គេ ដើម្បីឈ្នះពាន World Cup នៅរុស្ស៊ី។

តារាឆ្នើមរបស់ក្លិប Barcelona រូបនេះ បានជួបភាពត្រដាបត្រដួសក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការនេះ កាលពីថ្ងៃសៅរ៍ តាមរយៈការស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្នុងពេលក្រុមខ្លួនបានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងការប្រកួតពូល D។ Messi បានស៊ុតបាល់សំដៅទីដល់ទៅ ១១លើក ប៉ុន្តែ មិនអាចរកបានគ្រាប់បាល់ ដើម្បីបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុង World Cup និងបានការខកចិត្តខ្លាំងក្នុងពេលសំឡេងកញ្ចែបញ្ចប់ការប្រកួត។

លោក Crespo ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន៦៤លើក បានធ្វើការរិះគន់ទៅលើមិត្តរួមក្រុមរបស់ Messi និងជឿជាក់ថា ពួកគេត្រូវតែផ្តល់ជំនួយបន្ថែមទៀតដល់តារាឆ្នើមវ័យ៣០ឆ្នាំរូបនេះ ប្រសិនបើប្រទេសរបស់គេចង់ឈ្នះពាន World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៨៦ ដែលនៅពេលនោះលោក Diego Maradona បានជួយឲ្យពួកគេឈ្នះ។ លោក Crespo បានប្រាប់កាសែត Gazzetta dello Sport ថា៖ «សូមគិតថា Messi គួរតែស័ក្តិសមក្នុងការរកបាន ៥គ្រាប់សម្រាប់ការបង្ហាញពីទម្រង់លេងរបស់គេ។ ពិតណាស់ យើងរំពឹងទុកច្រើនពីរូបគេ ប៉ុន្តែ Messi មិនមែនជា Maradona ឡើយ។ តែម្នាក់ឯង រូបគេមិនឈ្នះពាន World Cup ឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Gaol