លោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានបញ្ជាក់ថា ក្រុមម្ចាស់ការពារតំណែង World Cup របស់លោក បានលេង «យ៉ាងអន់» ក្នុងពេលចាញ់ក្រុមជម្រើសជាតិម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ ដោយបានព្រមានថា ការបរាជ័យនេះ បានធ្វើឲ្យពួកគេត្រូវប្រព្រឹត្តកំហុសតិចតួចបំផុតក្នុងការប្រកួតដែលនៅសល់ក្នុងពូលរបស់ពួកគេ។

ការត្រៀមលក្ខណៈរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នៅមុនពេលយុទ្ធនាការ World Cup ត្រូវបានរំខានដោយការជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ និងភាពចម្រូងចម្រាស់ ហើយបញ្ហារបស់ពួកគេ ត្រូវបានបង្ហាញក្នុងទីក្រុងម៉ូស្គូ ខណៈដែលពួកគេបានរងបរាជ័យជាលើកទី១ ក្នុងការប្រកួតបើកឆាកនៃ World Cup បើគិតចាប់តាំងពីឆ្នាំ១៩៨២។ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៣៥ របស់កីឡាករ Hirving Lozano នាកីឡដ្ឋាន Luzhniki បានជួយឲ្យក្រុមជម្រើសជាតិម៉ិកស៊ិក ដណ្តើមបានជ័យជម្នះលើក្រុមជម្រើសជាតិអាល្លឺម៉ង់ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ខណៈដែលក្រុមរបស់លោក Loew បានជួបការខកចិត្តសម្រាប់ការលេងមិនបានក្នុងតង់ទី១។ លោក Loew បានឲ្យដឹងថា៖ «នៅក្នុងតង់ទី១ យើងបានលេងយ៉ាងអន់។ យើងមិនអាចបង្ហាញពីការលេងជាធម្មតារបស់យើងឡើយ។ តំបន់ប្រយុទ្ធ និងការបញ្ជូនបាល់របស់យើងមិនមានប្រសិទ្ធិភាពឡើយ»។

ស្របពេលជាមួយគ្នានេះ ការប្រជែងដើម្បីឈ្នះពាន World Cup ជាលើកទី៦របស់ប្រេស៊ីល បានបញ្ចប់ទាំងការខកចិត្ត ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស បានវាយបក ដើម្បីតាមស្មើក្នុងលទ្ធផល ១-១ ក្នុងទីក្រុង Rostov-on-Don កាលពីថ្ងៃអាទិត្យ។ ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី បានយកឈ្នះលើក្រុមជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតនាថ្ងៃដដែលនោះ៕

ទស្សនាវីឌីអូហាយឡាយទាំងអស់គ្នា៖ Germany Vs Mexico
ВRАZIL Vs SWIТZЕRLАND
Costa Rica v Serbia
ប្រភព៖ Channel News Asia
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ថា អាល្លឺម៉ង់លេងអន់ ពេលចាញ់ម៉ិកស៊ិក ខណៈប្រេស៊ីល ខកចិត្ត
អត្ថបទទាក់ទង
