ជប៉ុន បានក្លាយជាក្រុមអាស៊ីដំបូងគេ ក្នុងការយកឈ្នះលើក្រុមមួយរបស់អាមេរិកខាងត្បូង ក្នុងព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី ដែលនៅសល់សមាជិកត្រឹមតែ ១០នាក់ ក្នុងលទ្ធផល ២-១ ដើម្បីបំពេញការសងសឹកដ៏ផ្អែមល្អែមមួយសម្រាប់ការរងបរាជ័យដ៏ឈឺចាប់ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៤។

គ្រាប់បាល់ឈ្នះនៅនាទីទី ៧៣របស់កីឡាករ Yuya Osako បានផ្តល់នូវការធូរស្រាលដ៏ធំមួយសម្រាប់ជប៉ុន ដែលបានរងបរាជ័យក្នុងលទ្ធផល ៤-១ ក្រោមស្នាដៃក្រុមជម្រើសជាតិកូឡុំប៊ី កាលពី ៤ឆ្នាំមុន អំឡុងពេលនៃយុទ្ធនាការដ៏ខកចិត្តមួយ ខណៈដែលពួកគេមិនអាចសូម្បីតែដណ្តើមយកជ័យជម្នះ១លើក។ ភាពស្មុគស្មាញនៃការប្រកួតក្នុងទីក្រុង Saransk ត្រូវបានផ្លាស់ប្តូរភ្លាមៗ នៅពេលដែលខ្សែការពារ Carlos Sanchez របស់ក្រុមជម្រើសជាតិកូឡុំប៊ី បានរងពិន័យកាតក្រហមជាលើកដំបូងក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី សម្រាប់ការយកដៃប៉ះបាល់ ក្នុងប៉ុន្មាននាទីដំបូងនៃការប្រកួត។

ខ្សែប្រយុទ្ធ Shinji Kagawa បានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អពីចំណុច ១១ម៉ែត្រ ហើយបើទោះបីខ្សែបម្រើ Juan Quintero បានរកគ្រាប់បាល់តាមស្មើវិញនៅតង់ទី១ក៏ដោយ ប៉ុន្តែ ក្រុមជម្រើសជាតិជប៉ុន បានដណ្តើមយកប្រៀបទៅលើការមានចំនួនកីឡាករច្រើន ខណៈដែល Osako បានតែតបាល់បញ្ចូលទីពីការស៊ុតបាល់ចេញពីជ្រុង ដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។ ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា៖ «ការរកបានគ្រាប់បាល់១គ្រាប់ក្នុង World Cup បានក្លាយជាសុបិនមួយសម្រាប់ខ្ញុំ ចាប់តាំងពីខ្ញុំនៅតូចម្ល៉េះ ហេតុនេះ ខ្ញុំពិតជារីករាយណាស់»៕
ក្រុម Japan ផ្តួល Colombia ដែលសល់សមាជិក ១០នាក់ ដើម្បីបង្កើតប្រវត្តិសាស្ត្រ(វិដេអូ)
អត្ថបទទាក់ទង
