លោក Jorge Sampaoli បានសុំឲ្យមានការលើកលែកទោសពីសំណាក់អ្នកគាំទ្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៣-០ បានធ្វើឲ្យក្តីសង្ឃឹម World Cup របស់ Lionel Messi ស្ថិតក្រោមការគំរាមដ៏ធំ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ពីសំណាក់កីឡាករ Ante Rebic, Luka Modric និង Ivan Rakitic ដោយគ្រាប់បាល់ទី១ បានកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកចាំទី Willy Caballero បានបំពេញជ័យជម្នះយ៉ាងស័ក្តិសមសម្រាប់ក្រុមអឺរ៉ុប និងបានធ្វើឲ្យពួកគេឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។

លោក Sampaoli បានបញ្ជាក់ថា លទ្ធផលនេះ គឺជាកំហុសរបស់លោកទាំងស្រុង និងបានសុំការអភ័យទោសទៅកាន់អ្នកគាំទ្រ ដែលបានចាកចេញពីទីលានទាំងទឹកភ្នែក នាកីឡដ្ឋាន Nizhny Novgorod នៅលើច្រាំងទន្លេ River Volga។

លោក Sampaoli បានឲ្យដឹងថា៖ «ដំបូងឡើយ ខ្ញុំសុំការលើកលែងទោសពីពួកគេ ជាពិសេសអ្នកដែលបានធ្វើដំណើរដ៏ឆ្ងាយដើម្បីមើលក្រុមអាហ្សង់ទីន។ ខ្ញុំជាអ្នកទទួលខុសត្រូវសម្រាប់លទ្ធផលនេះ ប៉ុន្តែ ខ្ញុំក៏ខកចិត្តដូចអ្នកគាំទ្រផងដែរ»។

ការរងបរាជ័យក្នុងការប្រកួតពូល D នេះ មានន័យថា អាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមមានក្តីសង្ឃឹមច្រើនក្នុងការលើកពានមុនយុទ្ធនាការនេះចាប់ផ្តើម និងជាក្រុមជើងឯករងកាលពីឆ្នាំ២០១៤នោះ កំពុងតែស្ថិតលើផ្លូវនៃការធ្លាក់ចេញដ៏អាម៉ាស់ត្រឹមជុំទី១។ ពួកគេមានត្រឹមតែ១ពិន្ទុគត់ពីការប្រកួត២លើក ហើយនិងត្រូវតែផ្តួលក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ដើម្បីទទួលបានឱកាសណាមួយក្នុងការគេចឲ្យផុតពីការធ្លាក់ចេញ៕
ប្រភព៖ Channel News Asia
