គ្រូបង្វឹកប្រេស៊ីល Tite បាននិយាយថា លោកនឹងមិនប្រាប់ឲ្យ Neymar លេងដោយគិតពីផលប្រយោជន៍ក្រុមជារួមឡើយ ខណៈដែលលោកបានបញ្ជាក់ថា តារាឆ្នើមរបស់ក្លិប Paris Saint-Germain រូបនេះ នឹងរឹងមាំគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup ដ៏សំខាន់នៅរាត្រីនេះ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា។

កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោករូបនេះ បានស្ថិតក្នុងភាពស្រពេចស្រពិលដោយសារតែបញ្ហារបួស ក្រោយពីរងរបួសកជើងក្នុងពេលហ្វឹកហាត់ កាលពីថ្ងៃអង្គារ ពោលគឺត្រឹមតែរយៈពេល៤៨ម៉ោង ក្រោយពីរូបគេត្រូវនបានកីឡាករនៃក្រុមរបស់ស្វ៊ីសប្រព្រឹត្តកំហុសលើ១០លើក ខណៈដែលក្រុមជម្រើសជាតិប្រេស៊ីល បានបើកយុទ្ធនាការរបស់ពួកគេជាមួយនឹងការបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១។

ប៉ុន្តែ លោក Tite បានបញ្ជាក់ថា លោកនឹងដាក់ការជឿជាក់របស់លោកទៅលើក្រុមជម្រើសទាំង១១នាក់ដំបូង ដែលបានដាក់ឲ្យប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងទីក្រុង Saint Petersburg ស្របពេលដែលប្រេស៊ីល សម្លឹងរកការចាប់ផ្តើមប្រជែងរបស់ពួកគេសម្រាប់ពាន World Cup ជាលើកទី៦របស់ពួកគេ។

ស្របពេលដែលកំពុងតែស្រេកឃ្លានក្នុងការរកគ្រាប់បាល់ទម្លុះសំណាញ់នៅដំណាក់ចុងក្រោយនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស មិត្តរួមក្រុមរបស់ Neymar ត្រឹមតែអាចរង់ចាំតារាឆ្នើមរបស់ពួកគេក្នុងការស៊ុតបាល់បញ្ចូលទី ឬបញ្ជូនបាល់ដែលមិនបានល្អប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា លោក Tite បានធ្វើការបដិសេធយ៉ាងខ្លាំងក្លាថា ចំពោះព័ត៌មានថា លោកបានស្នើឲ្យ Neymar លេងដោយគិតពីផលប្រយោជន៍ក្រុមជារួម។ លោក Tite បានឆ្លើយតបទៅនឹងអ្នកយកព័ត៌មានម្នាក់របស់ប្រេស៊ីលថា៖ «ពិតជាមិនមែនឡើយ។ ព័ត៌មានដែលអ្នកទទួលបានមិនពិតឡើយ។ រាល់កីឡាករទាំងអស់ មានការទទួលខុសត្រូវនៃការលេងសម្រាប់គោលដៅរួម និងឯកជន»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧យប់៕