លោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានបញ្ជាក់ថា លោកមានអារម្មណ៍ថា «បានជួបការខកចិត្តយ៉ាងខ្លាំង» ក្នុងការឃើញក្រុមម្ចាស់ជើងឯកមួយនេះធ្លាក់ចេញពីយុទ្ធនាការ World Cup ប៉ុន្តែ បាននិយាយថា ពួកគេពិតជាស័ក្តិសមក្នុងការធ្លាក់ចេញ ក្រោយពីពួកគេបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង កាលពីថ្ងៃពុធ។

ក្រុមម្ចាស់ជើងឯក ៤សម័យកាលមួយនេះ ត្រូវតែផ្តួលក្រុមកូរ៉េខាងត្បូង ដោយគ្រាប់បាល់នាំមុខចាប់ពី២គ្រាប់ឡើងទៅ ក្នុងការប្រកួតចុងក្រោយនៃពូល F របស់ពួកគេក្នុងទីក្រុង Kazan ដើម្បីឈានទៅវគ្គ ១៦ក្រុមចុងក្រោយ។ ប៉ុន្តែ ក្រោយពីបានខ្ជះខ្ជាយឱកាសជាច្រើន ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានស្រឡាំងកាំងនៅនាទីបន្ថែម៥នាទី ខណៈដែលកូរ៉េខាងត្បូង បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីកត់ត្រាជ័យជម្នះជាប្រវត្តិសាស្ត្រមួយ លើក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកមួយនេះ និងធ្វើឲ្យអាល្លឺម៉ង់ ធ្លាក់ទៅឈរនៅបាតតារាងនៃពូល។

វាជាលើកទី១ ហើយដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ មិនបានឈានទៅវគ្គ ១៦ក្រុមចុងក្រោយ ក្នុង World Cup បើគិតចាប់តាំពីឆ្នាំ១៩៣៨។ លោក Loew ដែលបាននិយាយថា លោកនឹងរង់ចាំ «រយៈពេលប៉ុន្មានម៉ោង» នៅមុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់លោកនោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើល ពីព្រោះយើងមិនបានផ្តួលក្រុមកូរ៉េខាងត្បូង។ ការខកចិត្តរបស់លោកលើការធ្លាក់ចេញ ពិតជាធំណាស់។ យើងពិតជាមិនស័ក្តិសមក្នុងការឈ្នះពាននេះម្តងទៀតឡើយ។ យើងមិនស័ក្តិសមក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយឡើយ។ យើងបានខិតខំព្យាយាមខ្លាំង ដើម្បីឈ្នះ ប៉ុន្តែ យើងមិនបានទទួលឱកាសក្នុងការរកគ្រាប់បាល់នាំមុខឡើយ»៕

