ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានក្លាយជាក្រុមមកពីទ្វីបអាស៊ីទី១ដែលបានឡើងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ បន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល H។

ក្រុមជម្រើសជាតិជប៉ុន
មុនឈានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ជប៉ុនធ្វើបានល្អក្នុង២ប្រកួតដំបូងគឺឈ្នះក្រុមកូឡុំប៊ីដោយលទ្ធផល ២-១ ទទួលបាន៣ពិន្ទុ និងបាន១ពិន្ទុទៀតពីការប្រកួតស្មើនឹងក្រុមខ្លាំងសេណេហ្គាល់ដោយលទ្ធផល ២-២។

យ៉ាងណា ការប្រកួតបញ្ចប់ពូល នារាត្រីថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៉ូឡូញ ១-០ ដែលធ្វើឲ្យពួកគេភ័យបុកពោះក្នុងការឡើងវគ្គបន្ត ប៉ុន្តែជាសេណេហ្គាល់ចាញ់កូឡុំប៊ីដែលធ្វើឲ្យជប៉ុនបានឡើង។ ១គ្រាប់របស់ប៉ូឡូញរកបានដោយកីឡាករ Jan Bednarek នៅនាទីទី៥៩។

ពូលជាមួយគ្នា ក្រុមជម្រើសជាតិសេណេហ្គាល់លេងបានយ៉ាងល្អ និងសម្រុកខ្លាំងលើកូឡុំប៊ីនៅវគ្គទី១ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន។ ផ្ទុយទៅវិញនៅវគ្គទី២ កូឡុំប៊ីបានទម្លាយសំំណាញ់ទី១គ្រាប់លើសេណេហ្គាល់ដោយកីឡាករ Yerry Mina នៅនាទីទី៧៤ ដើម្បីទទួលបាន៦ពិន្ទុឈរកំពូលតារាងក្នុងពូល ហើយជប៉ុនស្ថិតនៅលេខ២។ ក្រុមដែលទឹកភ្នែកគឺសេណេហ្គាល់បែរជាភ្លាត់ចាញ់ប្រកួតចុងក្រោយនេះអស់ឱកាសឡើងវគ្គបន្តតែម្តង។

បើនិយាយពីក្រុមជម្រើសជាតិធ្វើដំណើរពីទ្វីបអាស៊ីទៅរុស្ស៊ីក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នេះគឺមានតែជប៉ុនតែមួយគត់ដែលបានឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយ។ ចំណែកក្រុមជម្រើសជាតិកូរ៉េខាងត្បូង អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតដែលជាក្រុមអាស៊ីបានធ្លាក់អស់ហើយ បន្ទាប់ពីធ្វើមិនបាល្អក្នុងវគ្គសន្សំពិន្ទុតាមពូល។

ការប្រកួតរវាងជប៉ុន និងប៉ូឡូញ

Via: Sabay
ក្រុមជម្រើសជាតិជប៉ុន ដែលធ្លាប់ប្រកួតជាមួយកម្ពុជាយើងគឺជាក្រុមអាស៊ីទី១ឡើងវគ្គ១៦ចុងក្រោយជាមួយ កូឡុំប៊ី
អត្ថបទទាក់ទង
