ខ្សែបម្រើ Andres Iniesta បានបញ្ជាក់សារជាថ្មីបន្ទាប់ពីការធ្លាក់ចេញពីការប្រកួតរបស់អេស្បាញ នៅព្រឹត្តការណ៏ World Cup ២០១៨ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះរុស្ស៊ីកាលពីយប់មិញ អតីតកីឡាករក្រុម Barcelona រូបនេះបានសម្រេចព្យួរស្បែកជើងរបស់ខ្លួនចេញពីការប្រកួតលក្ខណៈអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិរហស្សនាមគោជល់អេស្បាញហើយ ដើម្បីទុកឪកាសអោយយុវជនជំនាន់ក្រោយបានបង្ហាញសមត្ថភាពម្តង។

Iniesta កីឡាករដ៏មានបទពិសោធន៏និងជាវីរបុរសដែលបានជួយក្រុមអេស្បាញឈ្នះពាន World Cup ២០១០ បានប្រាប់អោយដឹងថាៈ វាជាការពិត ខណៈពេលនេះវានឹងក្លាយជាការប្រកួតចុងក្រោយ របស់ខ្ញុំសម្រាប់ ប្រទេសអេស្ប៉ាញ។ ជាបទពិសោធន៏ដ៏អស្ចារ្យក្នុងអាជីពនាពេលកន្លងមក។ វាមិនមែនជាការលាគ្នាដែលខ្ញុំស្រម៉ៃនោះទេ ប៉ុន្តែជីវិតជាកីឡាករបាល់ទាត់គឺដូច្នេះ។

កីឡាករមានវ័យ ៣៤ឆ្នាំបច្ចុប្បន្នជាសមាជិកក្លឹបនៅលីកកំពូលជប៉ុន Vissel Kobe រូបនេះបានបន្ថែមជាចុងក្រោយថាៈ មនុស្សសំខាន់ដែលទទួលរងការស្តីបន្ទោស គឺកីឡាករហើយ អ្នកគ្រប់គ្នាក៏មានការទទួលខុសត្រូវផ្ទាល់ខ្លួន។ យើងជាអ្នកលេងនៅលើទីលាន ហើយយើងត្រូវទទួលយកការទទួលខុសត្រូវមួយនេះជាមួយយើង។