លោក Tite គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថា Neymar វិលទៅរកទម្រង់លេងដ៏ល្អបំផុតរបស់គេវិញហើយ ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោក ៥សម័យកាលមួយនេះ ត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក នៅរាត្រីនេះ ដើម្បីប្រជែងយកកៅអីទៅវគ្គ ៨ក្រុមចុងក្រោយនៃយុទ្ធនការ World Cup។

Neymar មិនបានជួបការចាប់ផ្តើមដ៏ល្អក្នុងយុទ្ធនាការនេះឡើយ ដោយបានបង្ហាញពីទេពកោសល្យរបស់គេបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែ បានបង្កើតឲ្យមានការរិះគន់ជាច្រើនទៅលើការព្យាយាមធ្វើពុតជាដួល ដើម្បីទទួលបាល់ប៉េណាល់ទី នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូស្តារីកា។ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ បានធ្វើឲ្យក្រុមអ្នករិះគន់លើរូបគេស្ងាត់មាត់ តាមរយៈការរកគ្រាប់បាល់ទី២ របស់ប្រេស៊ីល ក្នុងពេលពួកគេទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិកូស្តារីកា នៅមុនពេលបញ្ជូនបាល់ជ្រុងទៅឲ្យ Thiago Silva ដើម្បីរកគ្រាប់បាល់ក្នុងពេលពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិស៊ែប៊ី។

រយៈពេល៤ឆ្នាំ ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៧-១ ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិប្រេស៊ីល បានបង្ហាញខ្លួនក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការលើកពានក្នុងយុទ្ធនាការនេះ។ ជាមួយគ្នានេះ លោក Tite បានបញ្ជាក់ថា Neymar មានការត្រៀមលក្ខណៈរួចរាល់ ក្រោយពីការវិលត្រឡប់របស់គេពីបញ្ហារបួសរយៈពេលវែង នៅមុនពេលយុទ្ធនាការ World Cup ចាប់ផ្តើម។ លោក Tite បានឲ្យដឹងនាកីឡដ្ឋាន Samara Arena កាលពីថ្ងៃអាទិត្យថា៖ «បច្ចុប្បន្ន រូបគេបានវិលទៅកាន់កម្រិតដ៏ខ្ពស់មួយ។ រូបគេបានលេងជាច្រើន ខ្ញុំបានប្រាប់រូបគេ ហើយគេក៏ដឹងពីតម្លៃដែលរូបគេត្រូវតែផ្តល់ឲ្យដើម្បីវិលទៅកាន់កម្រិតនេះផងដែរ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕