
ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ (វគ្គ១/៤) បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិម៉ិកស៊ីកូដោយលទ្ធផល ២-០នៅវគ្គ១៦ក្រុមចុងក្រោយនៃពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨។

ការប្រកួតរវាងក្រុមទាំងពីរពិតជាមានទម្រង់លេងប្រយុទ្ធលឿនៗ និងការពារល្អដូចគ្នា។ ប្រេស៊ីលបង្ហាញភាពខ្លាំងរបស់ខ្លួននៅតំបន់បម្រើ និងប្រយុទ្ធដោយទទួលបានឱកាសស៊ុតជាញឹកញាប់ ប៉ុន្តែជារឿយៗត្រូវបានអ្នកចាំទីម៉ិកស៊ីកូជួយសង្គ្រោះបាននៅវគ្គទី១។ ម៉ិកស៊ីកូមិនសូវសម្រុកខ្លាំងទេដោយព្យាយាមវាយបកម្តងម្កាលប្រកបដោយថ្នាក់ដែរ។

ការប្រកួតវគ្គទី២ទើបមានគ្រាប់បាល់កើតឡើងពីការសម្រុកឥតប្រណីរបស់ប្រេស៊ីល។ ខ្សែបម្រើ Willian បានអូសបាល់ចូលប្រអប់គ្រោះថ្នាក់ រួចបញ្ជូនបាល់ឲ្យ Neymar ស៊ូតចូលទីបានសម្រេចនៅនាទី៥១។ បន្ទាប់ពីដៃគូនាំមុខ ម៉ិកស៊ីកូបានវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែខ្សែប្រយុទ្ធម៉ិកស៊ីកូភាគច្រើនព្យាយាមស៊ុតម្នាក់ឯងពីចម្ងាយដោយមិនបញ្ជូនបាល់ឲ្យមិត្តរួមក្រុមដែលនៅឆ្វេងស្តាំឡើយ ហើយការស៊ុតក៏មិនបានលទ្ធផលថែមទៀត។

ផ្ទុយទៅវិញ ប្រេស៊ីលមានឱកាសស៊ុតល្អៗជាង ប៉ុន្តែអ្នកចាំទីម៉ិកស៊ីកូសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើក។ ទីបំផុតនៅចុងវគ្គ ប្រេស៊ីលធ្វើបាន១គ្រាប់ទៀតតាមរយៈពីការស៊ុតរបស់ Neymar ផុតអ្នកចាំទីហើយ Firmino សម្រេចទីបានសម្រេច។ ២គ្រាប់នេះបញ្ជូនប្រេស៊ីលឡើងវគ្គ៨ក្រុមចុងក្រោយ ខណៈម៉ិកស៊ីកូត្រូវត្រឡប់ទៅផ្ទះវិញត្រឹមវគ្គនេះហើយ៕

ទស្សនាវិដេអូខាងក្រោមនេះ:
តារាឆ្នើម Neymar ជួយអោយ Brazil ស៊ី Mexico ២គ្រាប់យប់មុិញឡើងវគ្គ១/៤បានសម្រេច(វិដេអូ)
អត្ថបទទាក់ទង
