
តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានធ្វើឲ្យអ្នករិះគន់របស់គេស្ងាត់មាត់ ក្រោយពីការជួយឲ្យក្រុមម្ចាស់ជើងឯក ៥សម័យកាលរបស់គេ យកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក កាលពីថ្ងៃចន្ទ និងឈានទៅវគ្គ ៨ក្រុមចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក។

Neymar បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនរកបាន ១គ្រាប់ទៀត ខណៈដែលក្រុមជម្រើសជាតិប្រេស៊ីលរបស់គេ បានយកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតដ៏ស្វិតស្វាញមួយ។ ប៉ុន្តែ ការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ Neymar ត្រូវបានមើលរំលងដោយសារតែការប្រើប្រាស់កលល្បិចរបស់គេ ក្នុងការបញ្ចេញប្រតិកម្មជ្រុលចំពោះការប្រជែងដណ្តើមបាល់មិនសូវជាធ្ងន់ធ្ងរ។ ទំព័រថ្មីចុងក្រោយបំផុតនៃការបញ្ចេញឥរិយាបថដ៏គួរឲ្យអស់សំណើចរបស់គេ បានកើតឡើងក្នុងតង់ទី២ នៅពេលដែលខ្សែបម្រើអន្តរជាតិម៉ិកស៊ិក Miguel Layun ហាក់ដូចជាបានជាន់ទៅលើជង្គង់របស់គេ ក្នុងពេលរូបគេកំពុងដួលលើទីលាន។ Neymar បានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំង និងលោតចុះឡើង ដែលហាក់ដូចជារូបគេកំពុងតែឆក់ខ្សែភ្លើងអ៊ីចឹង។

ក្រោយពីបានបញ្ជាក់ថា ការសម្តែងរបស់ Neymar បានធ្វើឲ្យខ្ជះខ្ជាយពេ
លវេលាដ៏សំខាន់ លោក Juan Carlos Osorio គ្រូបង្វឹកនៃក្រុមជ្រើសជាតិម៉ិកស៊ិក បានរិះគន់ថា៖ «ខ្ញុំគិតថា វាជារឿងដ៏អាម៉ាស់មួយក្នុងកីឡាបាល់ទាត់។ យើងបានខ្ជះខ្ជាយពេលវេលាជាច្រើនដោយសារតែកីឡាករតែម្នាក់។ យើងបានបាត់បង់ទម្រង់លេងរបស់យើងនៅតង់ទី២ ដោយសារតែអាជ្ញាកណ្តាល»៕
