ខ្សែ​ប្រយុទ្ធ Luis Suarez បាន​រង​ការ​ឈឺ​ចាប់​ជើង​ពេល​កំពុង​ហ្វឹកហាត់ ខណៈ​ឱកាស​ដែល​កីឡាករ Edinson Cavani នឹង​ចាប់​ផ្ដើម​ប្រកួត ពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ​បារាំង កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

ខ្សែ​ប្រយុទ្ធ Suarez ក្នុង​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​ពើប​ប្រទះ​នឹង​ការ​ឈឺ​ជើង​ស្ដាំ​ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​អាច​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ត្រលប់​មក​បញ្ចប់​ការ​ហ្វឹកហាត់​វិញ។ យ៉ាង​នេះ​ក្ដី មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព្រួយបារម្ភ​ ខ្លាច​ខ្សែ​ប្រយុទ្ធ​រង​របួស។

ចំណែក​ឯ​ ខ្សែ​ប្រយុទ្ធ Edinson Cavani វិញ បាន​រង​របួស​សរសៃ​ពួរ​ក្នុង​ប្រកួត​ដែល​អ៊ុយរុយហ្គាយ បាន​យក​ឈ្នះ​ព័រទុយហ្គាល់​ក្នុង​លទ្ធផល ២-១ កាល​ពី​ពេល​កន្លង​ទៅ។ លទ្ធផល​នៃ​ការ​ពិនិត្យ​របស់​គ្រូ​ពេទ្យ​កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា កីឡាករ PSG មិន​បាន​ការ​ដាច់​សរសៃសាច់​ដុំ​នោះ​ទេ។ ទោះ​ជា​មាន​ការ​វិវត្តន៍​បែប​នេះ​ក្ដី ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​រាយការណ៍​ថា មិន​បាន​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ខ្លួន​ឡើយ​ក្នុង​ថ្ងៃ​នេះ ដោយ​កីឡាករ​ធ្វើ​ការ​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​ម្នាក់​ឯង។ ការណ៍​នេះ ត្រូវ​បាន​ Four Four Two បញ្ជាក់​ថា ធ្វើ​ឲ្យ​ឱកាស​ដែល Cavani នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ពេល​ប៉ះ​ក្រុម​មាន់​គក​បារាំង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

អ៊ុយរុយហ្គាយ នឹង​ត្រូវ​ប្រកួត​ជាមួយ​បារាំង​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ World Cupនៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ វេលា​ម៉ោង ៩ យប់ (ម៉ោង​នៅ​កម្ពុជា)៕
Via :news.sabay