អ្នក​គាំទ្រ​ជប៉ុន ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន បាន​បង្ហាញ​ការ​កោត​សរសើរ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​សម្អាត​កន្លែង​ដែល​ខ្លួន​អង្គុយ ក្រោយ​មើល​ប្រកួត​ចប់ ទោះ​ជា​លទ្ធផល​របស់​ក្រុម​ជម្រើស​ជាតិ​ពួក​គេ ចាញ់ ឈ្នះ ឬ​ស្មើ​ក្ដី។ ដោយ​ឡែក ចំពោះ​កីឡាករ​របស់​ពួក​គេ​វិញ ក៏​បាន​ធ្វើ​បាន​រឿង​ឲ្យ​គោរព​ផង​ដែរ មុន​ចាក​ចេញ​ពី​រុស្ស៊ី​ ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ។

ប្រភព៖​ The Sun
មុន​ចាក​ចេញ ក្រុម​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន បាន​ធ្វើ​ការ​សម្អាត និង​រៀបចំ​បន្ទប់​សំលៀកបំពាក់​យ៉ាង​មាន​របៀបរៀបរយ។ បន្ថែម​ពី​លើ​នេះ​ទៀត ពួក​គេ​ថែម​ទាំង​បាន​សរសេរ​លើ​ក្រដាស​មួយ​នូវ​ពាក្យ​ “Spasibo” ដែល​មាន​ន័យ​ថា “អរគុណ” ក្នុង​ភាសា​រុស្ស៊ី ដល់​ប្រទេស​ម្ចាស់​ផ្ទះ World Cup ២០១៨ ​ទៀត​ផង។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ប្រកួត​វគ្គ ១៦ ក្រុម​ កាល​ពី​វេលា​រំលង​អាធ្រាត្រ​ម្សិលមិញ ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ធ្វើ​ការ​នាំ​មុខ ២-០ នា​ដើម​តង់​ទី ២។ យ៉ាង​នេះ​ក្ដី គ្រាប់​បាល់​របស់​ខ្សែ​ការពារ Jan Vertonghen, ខ្សែ​បម្រើ Marouane Fellaini និង Nacer Chadli ជួយ​ឲ្យ​បែលហ្សិក​ធ្វើ​បាន​សម្រេច​ក្នុង​ការ​វាយ​បក​យក​ឈ្នះ​ប្រកួត ដើម្បី​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ហើយ​ប៉ះ​ជាមួយ​ប្រេស៊ីល៕


Via :news.sabay