ក្នុងប្រកួតវគ្គ ១៦ ក្រុមរំលងអាធ្រាត្រម្សិលមិញ អង់គ្លេសបានយកឈ្នះកូឡុំប៊ីក្នុងវគ្គទាត់បាល់ពិន័យ ១១ ម៉ែត្រ។ ការឈ្នះនេះ ធ្វើឲ្យអ្នកគាំទ្រអង់គ្លេសជាច្រើន សប្បាយចិត្តយ៉ាងខ្លាំង។ ក្នុងនោះក៏រាប់បញ្ចូលបុរសម្នាក់ ដែលមិនញញើតអបអរពេញទំហឹង ក្នុងបាមួយដែលពោរពេញទៅដោយអ្នកគាំទ្រកូឡុំប៊ី។
ក្នុងវីដេអូខ្លីមួយបង្ហាញពីទិដ្ឋភាពក្នុងបាមួយកន្លែងនៅទីក្រុង Moscow ដែលពោរពេញទៅដោយអ្នកគាំទ្រក្រុមជម្រើសជាតិកូឡុំប៊ី កំពុងទស្សនាក្រុមជម្រើសជាតិខ្លួន និងអង់គ្លេស ទាត់បាល់ពិន័យ ១១ ម៉ែត្រ ដើម្បីកាត់សេចក្ដីឡើងវគ្គ World Cup បន្ទាប់។ នៅពេលប្រកួតបានបញ្ចប់ដោយអង់គ្លេសគឺជាអ្នកឈ្នះ ស្រាប់តែលេចនូវបុរសម្នាក់ ដែលទំនងគាំទ្រជ្រាលជ្រៅក្រុមជម្រើសជាតិមួយនេះ បានសម្ដែងការអបអរយ៉ាងពេញទំហឹង ហើយស្រែកខ្លាំងៗ នៅក្នុងហ្វូងអ្នកគាំទ្រកូឡុំប៊ី។


ទង្វើអបអរមិនខ្លាចចិត្តនេះ ធ្វើឲ្យអ្នកគាំទ្រកូឡុំប៊ីខ្លះនៅក្នុងបានោះមិនសប្បាយចិត្តឡើយ ហើយក៏នាំគ្នាស្រែកថា “កូឡុំប៊ី”។ ជាសំណាងល្អ មិនមានអំពើហិង្សាណាមួយកើតឡើងឡើយ ក្នុងហេតុការណ៍នេះ។




សូមបញ្ជាក់ផងដែរថា គ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Harry Kane នៅនាទី ៥៧ ជួយឲ្យអង់គ្លេសនាំមុខកូឡុំប៊ី ១-០។ យ៉ាងនេះក្ដី គ្រាប់តែតរបស់ Yerry Mina នៅចុងតង់ ជួយឲ្យជម្រើសជាតិអាមេរិកខាងត្បូងតាមស្មើវិញ ហើយធ្វើឲ្យការប្រកួតឈានទៅដល់ការថែមម៉ោង ២ ដង និងចុងក្រោយដល់វគ្គទាត់បាល់ពិន័យ ១១ម៉ែត្រ។ ក្នុងវគ្គនោះ អង់គ្លេសឈ្នះកូឡុំប៊ីក្នុងលទ្ធផល ៤ ទល់នឹង ៣៕
Via :news.sabay
