ខ្សែប្រយុទ្ធឡើងទម្រង់លេង Romelu Lukaku នឹងក្លាយជាកូនសោក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្នុងការទម្លុះតំបន់ការពារយ៉ាងរឹងមាំរបស់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតព្រឹត្តិការណ៍ World Cup វគ្គ ៨ក្រុមចុងក្រោយ នៅរាត្រីនេះ។

ខ្សែប្រយុទ្ធរបស់ក្លិប Manchester United វ័យ ២៥ឆ្នាំរូបនេះ បានចាប់ផ្តើមធ្វើឲ្យក្រុមអ្នករិះគន់របស់គេស្ងាត់មាត់រួចជាស្រេច តាមរយៈការរកបាន ៤គ្រាប់ក្នុងប្រទេសរុស្ស៊ី មកទល់ពេលនេះ។ ប៉ុន្តែ ទេពកោសល្យនៃការរកគ្រាប់បាល់ដ៏គួរឲ្យចាប់អារម្មណ៍ និងគោលបំណងរបស់គេក្នុងក្លាយជាកីឡាករដ៏គួរឲ្យចងចាំក្នុងនាមជាអ្នករកបានគ្រាប់បាល់ដ៏ជោគជ័យបំផុតរបស់បែលហ្ស៊ិក នឹងត្រូវប្រឈមមុខនឹងការងារដ៏លំបាកបំផុតក្នុងទីក្រុងកាហ្សាន់ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានរបូតគ្រាប់បាល់ត្រឹមតែ ១គ្រាប់គត់ក្នុងការប្រកួត World Cup ៤លើកមកទល់ពេលនេះ។

នៅមុនពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយ Lukaku នឹងឈានទៅកាន់ការប្រកួតប្រកបដោយការជឿជាក់ ខណៈដែលរូបគេបានអំពាវនាវឲ្យក្រុមបែលហ្ស៊ិក បង្ហាញថា ពួកគេពិតជាស័ក្តិសមក្នុងការធ្វើឲ្យបានល្អដូចការរំពឹងទុកផ្សេងៗ មុនយុទ្ធនាការ World Cup ចាប់ផ្តើម។ Lukaku បានឲ្យដឹងថា៖ «ខ្ញុំបានប្រាប់កីឡាករទាំងអស់ថា វាមិនងាយស្រួលឡើយ។ អ្នកត្រូវតែប្រយុទ្ធដើម្បីវា។ យើងនឹងត្រូវប៉ះជាមួយនឹងក្រុមខ្លាំង ប៉ុន្តែ នេះ នឹងបង្ហាញយើងពីកន្លែងដែលយើងកំពុងតែស្ថិតនៅក្នុងនាមជាក្រុមមួយ។ យើងមិនមែនត្រៀមដើម្បីក្លាយជាក្រុមខ្លាំងលំដាប់ទី២ឡើយ»។ រូបគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងពេលក្រុមជម្រើសជាតិបែលហ្ស៊ិក ផ្តួលក្រុមប៉ាណាម៉ា ៣-០ និងរកបាន ២គ្រាប់ទៀតក្នុងពេលពួកគេផ្តួលក្រុមជម្រើសជាតិកូស្តារីកា ៥-២។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕

ខ្សែប្រយុទ្ធឡើងទម្រង់លេង Lukaku សម្លឹងរកយុទ្ធសាស្ត្រថ្នីសំរាប់បែលហ្ស៊ិក ពេលប៉ះ ប្រេស៊ីល រាត្រីនេះ
អត្ថបទទាក់ទង
