ក្រោយពីជួបភាពរំភើបដោយសារតែក្រុមប្រជុំដោយកីឡាករវ័យក្មេង និងការត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិស៊ុយអែត ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃសៅរ៍នេះ អ្នកគាំទ្រនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កំពុងតែចាប់ផ្តើមមានការជឿជាក់ថា ពួកគេអាចបញ្ចប់ការរង់ចាំរយៈពេល ៥២ឆ្នាំក្នុងការឈ្នះពាន World Cup។

ប៉ុន្តែ ក្រុមជម្រើសជាតិស៊ុយអែត តែងតែបង្កើតឲ្យមានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល ជាពិសេសនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីបានរងបរាជ័យត្រឹមតែ ១លើកគត់ក្នុងចំណោមការជួបគ្នា ៨លើកកាលពីមុន។ ការជឿជាក់ផ្សេងៗក្នុងក្រុមអង់គ្លេសកំពុងតែកើនឡើងខ្ពស់ ក្រោយពីក្រុមនេះ បានបញ្ចប់ការរង់ចាំរយៈពេលដ៏យូរ ក្នុងការឈ្នះការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកយត World Cup ដើម្បីទម្លាក់ក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតដ៏ស្វិតស្វាញមួយក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងទីក្រុងម៉ូស្គូ។

ខ្សែការពារអន្តរជាតិអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ថា៖ «យើងពេញចិត្តក្នុងការយកពាននេះទៅផ្ទះវិញ។ ខ្ញុំពេញចិត្តក្នុងការឈ្នះពាន World Cup។ ក្រុមជម្រើសជាតិអង់គ្លេស ចង់ឈ្នះពាន World Cup។ វាមានរយៈពេលជាយូរមកហើយ បើគិតចាប់តាំងពីយើងបានឈ្នះពាននេះជាលើកចុងក្រោយ។ យើងចង់ធ្វើឲ្យគ្រប់គ្នាមានមោទនភាពពេលវិលត្រឡប់ទៅផ្ទះវិញ»។ ក្រុមជម្រើសជាតិអង់គ្លេស ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ១៩៦៦ បានស្តារមុខមាត់ឡើងវិញរួចជាស្រេច ក្រោយពីធ្លាក់ចេញត្រឹមវគ្គចែកពូលក្នុងប្រទេសប្រេស៊ីល កាលពី ៤ឆ្នាំមុន និងចាញ់យ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុង Euro ឆ្នាំ២០១៦។ ក្រុមជម្រើសជាតិស៊ុយអែត បានទម្លាក់ក្រុមជម្រើសជាតិស្វ៊ីស ១-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដើម្បីឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ៕