ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី កំពុងតែសម្លឹងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ World Cup ជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលនៅពេលនោះពួកគេបានបង្ហាញខ្លួនជាលើកទី១ ក្នុងនាមជាប្រទេសឯករាជ្យ នៅលើឆាកដ៏ធំបំផុតនៃកីឡាបាល់ទាត់។

ពិតណាស់ វាជាមិនមែនជារឿងដ៏ឆ្លាតវៃឡើយក្នុងការសម្លឹងមើលឆ្ងាយពេក ក្នុងព្រឹត្តិការណ៍មួយដែលពោរពេញដោយភាពភ្ញាក់ផ្អើល ប៉ុន្តែ តើការដែលក្រុមជម្រើសជាតិក្រូអាស៊ី ជួបជាមួយនឹងក្រុមម្ចាស់ផ្ទះ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នឹងក្លាយជាឱកាសដ៏ល្អក្នុងការក្លាយជាវីរបុរសដំបូងគេក្នុងរយៈពេល២ទសវត្សរ៍មកនេះ ឬយ៉ាងណា? ក្រុមជម្រើសជាតិក្រូអាស៊ី របស់លោក Zlatko Dalic បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនតាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីន ៣-០ ក្នុងការប្រកួតវគ្គចែកពូល ហេតុនេះ មានន័យថា ពួកគេមិនខ្លាចក្នុងការប៉ះជាមួយនឹងក្រុមខ្លាំងៗឡើយ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលដែលក្រុមជម្រើសជាតិក្រូអាស៊ី ត្រូវតែស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីដើម្បីផ្តួលក្រុមជម្រើសជាតិដាណឺម៉ាក កាលពីជុំមុន ពួកគេត្រូវតែធ្វើដំណើរទៅកាន់ការប្រកួតក្នុងទីក្រុង Sochi នៅថ្ងៃសៅរ៍នេះ ដោយមានពោរពេញដោយការជឿជាក់។ ខ្សែការពារ Domagoj Vida បានឲ្យដឹងថា៖ «យើងបានបង្ហាញក្នុងព្រឹត្តិការណ៍ World Cup នេះថា យើងមានសិទ្ធិក្នុងការសង្ឃឹមសម្រាប់សិទ្ធផលដ៏ធំ។ យើងនឹងលេងឲ្យបានល្អ ហើយយើងមានកីឡាករដែលយើងគួរតែជឿជាក់ថា យើងអាចធ្វើដំណើររហូតដល់ទីបញ្ចប់»។

ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បានបង្កើតភាពអស្ចារ្យតាមរយៈការផ្តួលក្រុមម្ចាស់ជើងឯកឆ្នាំ២០១០ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី ក្រោយពីស្មើ ១-១ ក្នុងម៉ោងធម្មតា។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕