ការ​ប្រកួត​យប់មិញ​នេះ លោក Southgate បាន​បញ្ចេញ​ក្បាច់​ចម្លែក​នៅ​ពេល​មាន​បាល់​លើក​ជ្រុង។ ក្បូន​ “រថភ្លើង​គួរ​ឲ្យ​ស្រលាញ់ ឬ The Love Train” របស់​គ្រូ​បង្វឹក​អង់គ្លេស​ពិត​ជា​ធ្វើ​ឲ្យ​កីឡាករ​ស៊ុយអែត​ឈឺក្បាល​មិន​ស្ទើរ​ ព្រោះ​ជា​យុទ្ធសាស្ត្រ​បំភ័ន្ត​ភ្នែក ធ្វើ​ឲ្យ​ខ្សែ​ការពារ​មិន​ដឹង​ចាប់​​មួយ​​ណា​ទុក​មួយ​ណា​។

​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​​៨​ក្នុង​ចំណោម​១១​គ្រាប់​របស់​អង់គ្លេស​បាន​មក​ពី​​បាល់​ Free-kick និង លើក​ចេញ​ពី​ជ្រុង ដូច​ដែល​ Southgate បាន​និយាយ​ថា អង់គ្លេស​ឈ្នះ​ព្រោះ​កូន​ក្រុម​របស់​លោក​មាន​ភាព​ឆ្លាត​វៃ។

បាល់ទាត់​សម័យ​ទំនើប ប្រព័ន្ធ​ការពារ​គឺ​ជា​ការ​រៀបចំ ដើម្បី​តាម​បិទ​ខ្សែ​ប្រយុទ្ធ​របស់​គូ​បដិបក្ខ។ ម្ល៉ោះហើយ​គ្រូ​បង្វឹក​ដែល​កំពុង​បង្កើត​ប្រវត្តិសាស្ត្រ​ឲ្យ​ក្រុម​តោ​កំណាច​បាន​ទាញ​ផល​ប្រយោជន៍​ពី​យុទ្ធសាស្ត្រ​រៀបចំ​ទុក​មុន​នេះ ដោយ​បន្ថែម​ចំនួន​​កីឡាករ​ទៅ​ក្នុង​តំបន់​ប្រយុទ្ធ​នៅ​ពេល​​មាន​ឱកាស​លួច​វាយ​ឆ្មក់។

​​១​គ្រាប់​របស់​ Harry Maguire បាន​បង្ហាញ​ថា​ ក្បួន​ចម្លែក​របស់ Southgate ពិត​ជា​មាន​ប្រសិទ្ធភាព នៅ​ពេល​មាន​បាល់​ជ្រុង។ កូន​ក្រុម​របស់​លោក​ឈរ​តម្រៀប​គ្នា​ជា​ជួរ​មុន​នឹង​រត់​ទៅ​ទីតាំង​ផ្សេងៗ​នៅ​ពេល​បាល់​ហោះ​មក​​ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​ស៊ុយអែត។ ​ខ្សែ​ការពារ​របស់​ស៊ុយអែត​ផ្តោត​ទៅ​លើ​តែ Harry Kane បណ្ដាល​ឲ្យ Maguire មាន​ឱកាស​​តែត​បញ្ចូល​​ទី​យ៉ាង​ស្រួល។

គ្រាប់​បាល់​​​​ទី​២​​​របស់​អង់គ្លេស​បាន​កើតឡើង​ស្រដៀង​គ្នា​នឹង​គ្រាប់​​ទី១​ទៀត នៅ​ពេល​ដែល Dele Alli ក្លាយ​ជា​កីឡាករ​បន្ថែម​រត់​ទៅ​ក្នុង​ប្រអប់គ្រោះថ្នាក់​របស់​ស៊ុយអែត ធ្វើ​ឲ្យ​តារាឆ្នើម​របស់​ក្រុម Spurs មាន​ឱកាស​លោត​សំកាំង​តែត​ដោយ​គ្មាន​ការ​រំខាន​ឡើយ៕

Deli Alli តែត​បញ្ចូល​ទី​បាន​សម្រេច
By: Sabay