គ្រូជម្រើសជាតិបារាំង Didier Deschamps លើកឡើង លោកនៅតែទុកចិត្តឲ្យ Olivier Giroud លេងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះគេមិនទាន់រកបាន១គ្រាប់ក្ដី។

៤ប្រកួតចុងក្រោយលេងឲ្យជម្រើសជាតិបារាំង Giroud វ័យ៣១ឆ្នាំបង្ហាញមុខជាជម្រើសដំបូងរហូត ប៉ុន្តែហាក់មិនមានសំណាងរកគ្រាប់បាល់សោះ។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របារាំងនឹងត្រូវជួបនៅតំបន់អឺរ៉ុបដូចគ្នាគឺបែលហ្ស៊ិក ដើម្បីរកកន្លែងទៅលេងវគ្គផ្ដាច់ព្រ័ត្រ។

ពាក់ព័ន្ធនឹងចំណុចរបស់ Giroud លោក Deschamps បានលើកឡើងថា ត្បិតគេគ្មានក្បាច់លេងទាក់ទាញដូចកីឡាករដទៃ តែក្រុមទាំងមូលត្រូវការគេគ្រប់ប្រកួត ព្រោះទោះគេមិនអាចរកគ្រាប់បាល់ តែគេបានធ្វើរឿងច្រើនសម្រាប់ក្រុម។

កាលនៅជាកីឡាករ Deschamps គឺជាខ្សែបម្រើសំខាន់ជួយបារាំងឈ្នះ World Cup ឆ្នាំ១៩៩៨ តែរកមិនបាន១គ្រាប់សោះ។ ខណៈមិត្តរួមក្រុមម្នាក់ទៀតដែលជាខ្សែប្រយុទ្ធ Stephane Guivarc ក៏មិនអាចរកគ្រាប់បាល់បានដូចគ្នា បន្ទាប់ពីលេងបាន២៦៨នាទី។ ក្នុង WC 2018 Olivier Giroud លេងបាន៣៨០នាទីទាត់បាន៧ជើង មិនចំគោលដៅសូម្បី១ជើង៕
ប្រភពពី: Sabay
Didier Deschamps: Giroud មិនទាន់ស៊ុតចំទីសូម្បី១ជើងឲ្យបារាំង តែនៅមានទំនុកចិត្តលើគេ
អត្ថបទទាក់ទង
