លោក Fernando Hierro ដែលបានចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នៅពេលដែលលោក Julen Lopetegui ត្រូវបានបណ្តេញចេញ នៅមុនពេលយុទ្ធនាការ World Cup ចាប់ផ្តើមនោះ នឹងមិនបន្តតួនាទីរបស់លោកឡើយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។

ក្នុងនាមជាអតីតកីឡាកររបស់ក្លិប Real Madrid និងអតីតខ្សែការពារអេស្ប៉ាញ ដែលមានបទពិសោធតិចតួចផ្នែកគ្រូបង្វឹកកាលពីមុន ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកឆ្នាំ២០១០ បានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះរុស្ស៊ី ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។ “ក្រោយពីបានធ្វើដំណើរជាច្រើនគីឡូម៉ែត្រជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ និងលោក Fernando Hierro បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ។ លោក Hierro បានបដិសេធក្នុងការវិលទៅកាន់ការងារចាស់រសប់លោកវិញក្នុងនាមជាប្រធានបច្ចេកទេសរបស់សហព័ន្ធ ហើយនិងចាប់ផ្តើមស្វែងរកការប្រជែងបែបអាជីពថ្មី” នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធ។

អេស្ប៉ាញ ត្រូវបានចាត់ទុកថា ស្ថិតក្នុងក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន World Cup នៅមុនពេលលោក Lopetegui បានបង្កើតឲ្យមានភាពជ្រួលច្របល់តាមរយៈការប្រកាសថា រូបគេនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid បន្ទាប់ពី World Cup៕