ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Eden Hazard និងជំនាន់មាសរបស់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក កំពុងស្ថិតនៅចន្លោះក្រុមជម្រើសជាតិបារាំង និងកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ខណៈដែលប្រទេសទាំង២ នឹងនាំយកការប្រជែងជាប្រវត្តិសាស្ត្ររបស់ខ្លួនទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Saint Petersburg នារាត្រីនេះ។

ចាប់តាំងពីឆ្នាំ១៩៨៦ ក្រុមជម្រើសជាតិបែលហ្ស៊ិក មិនធ្លាប់បានឈានដល់វគ្គនេះសោះក្នុង World Cup ដោយចាញ់ក្រុមជម្រើសជាតិអាហ្សង់ទីនជំនាន់លោក Diego Maradona ក្នុងប្រទេសម៉ិកស៊ិក ហើយបន្ទាប់មក ចាញ់ក្រុមជម្រើសជាតិបារាំង ៤-២ ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងការជួបគ្នាជាលើកចុងក្រោយក្នុងយុទ្ធនាការដ៏ធំមួយរវាងក្រុមទាំង២។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក

ក្រុមជម្រើសជាតិបារាំង បានលើកបាន World Cup ១លើក និងពាន Euro ១លើក និងបានរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦។ បច្ចុប្បន្ន ក្រោមជំនួយដ៏ធំពីតារាឆ្នើមវ័យក្មេង Kylian Mbappe បារាំង កំពុងតែសុបិនពីការលើកពានពិភពលោកនេះម្តងទៀត។

ក្រុមជម្រើសជាតិបែលហ្ស៊ិក បានបាត់ខ្លួនពីចំណាត់ថ្នាក់ជួរមុខនៅលើឆាកអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅមុនពេលបង្ហាញខ្លួនម្តងទៀតជាមួយនឹងតារាឆ្នើមៗនាពេលបច្ចុប្បន្ននេះ។ ក្រោមជំនួយពី Hazard, Romelu Lukaku និង Kevin De Bruyne ពួកគេបានចាញ់ក្នុងការប្រកួត World Cup ឆ្នាំ២០១៤ វគ្គ៨ក្រុមចុងក្រោយ និងធ្លាក់ក្នុងវគ្គដូចគ្នានេះ ក្នុង Euro ឆ្នាំ២០១៦ ប៉ុន្តែ ក្រោមការដឹកនាំរបស់លោក Roberto Martinez នៅរុស្ស៊ី ពួកគេបានឈានទៅកាន់ជំហានដ៏ធំមួយរួចជាស្រេច ក្រោយពីបានផ្តួលក្រុមជម្រើសជាតិប្រេស៊ីល ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្នុងទីក្រុង Kazan។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Giroud បានឲ្យដឹងថា៖ «ពួកគេជាក្រុមដ៏អស្ចារ្យមួយ ដោយមានជំនាន់ដ៏ខ្លាំងនៃកីឡាករដែលបានលេងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕
