ក្លឹបអ្នកមានបុណ្យរបស់អេស្ប៉ាញ Barcelona បាន​ចុះ​ហត្ថលេខា​យក​កីឡាករ​ Arthur ពី​ក្លឹប​ប្រេស៊ីល​ Gremio ដែល​មាន​តម្លៃ​​ប្រមាណ​៤០​លាន​អឺរ៉ូ​ ឬ​៣៥,៥​លាន​ផោន។​

ខ្សែ​បម្រើ​​វ័យ​២១​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​លេង​រយៈ​ពេល​៦​ឆ្នាំ​នៅ​ Nou Camp ដោយ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​​ (Buy-out clause) ៤០០​លាន​អឺរ៉ូ​។ ការ​នាំ​យក​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ធ្វើ​ឡើង​១​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ Barcelona អនុញ្ញាត​ឲ្យ​ Paulinho ចាកចេញ​ពី​ក្លឹប​ទៅ​លេង​នៅ​លីគ​កំពូល​ចិន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។​

Arthur ចូល​រួម​ជាមួយ​ Gremio ក្នុង​ឆ្នាំ​២០១០ ពី​ក្លឹប​ Goias Esporte Clube នៃ​លីគ​តូច​មួយ​របស់​ប្រេស៊ីល។​ យុវជន​រូប​នេះ​លេង​ឈុត​ធំ​លើក​ដំបូង​ក្នុង​អាយុ​១៨​ឆ្នាំ​ដែល​កាល​ណោះ​ក្រោម​ការ​បង្វឹក​របស់​អតីត​គ្រូ​ជម្រើស​ជាតិ​ប្រេស៊ីល​ Luiz Felipe Scolari ក្នុង​ឆ្នាំ​២០១៥៕