ខ្សែការពារអន្តរជាតិក្រូអាស៊ី Dejan Lovren ជឿជាក់ថា ក្រុមរបស់គេ កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការដណ្តើមយកឱកាសប្រចាំជីវិតមួយ នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីក្រុងម៉ូស្គូ នៅរាត្រីនេះ។

វាជាលើកទី១ ហើយ បើគិតចាប់តាំងពីឆ្នាំ១៩៩៨ ដែលប្រទេសដែលមានប្រជាជនជាង ៤លាននាក់មួយនេះ បានឈានទៅវគ្គ ១/២ផ្តាច់ព្រ័ត្រនៃ World Cup ក្រោយពីពួកគេបានទម្លាក់ក្រុមជម្រើសជាតិរុស្ស៊ី ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី កាលពីចុងសប្តាហ៍មុននេះ។ មានកង្វល់ជាច្រើនថា ការអស់កម្លាំង អាចនឹងក្លាយជាកត្តាមួយសម្រាប់ក្រុមរបស់លោក Zlatko Dalic ដោយសារតែពួកគេត្រូវបង្ខំចិត្តលេងការប្រកួតរយៈពេល ១២០នាទី និងការស៊ុតបាល់ប៉េណាល់ទី ទាំងក្នុងពេលប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងការប្រកួត ២ជុំចុងក្រោយ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែការពារកណ្តាល Lovren របស់ក្លិប Liverpool បានច្រានចោលចំពោះការបារម្ភបែបនេះ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយនាកីឡដ្ឋាន Luzhniki កាលពីថ្ងៃអង្គារថា៖ «ខ្ញុំពិតជាត្រៀមលក្ខណៈរួចរាល់បានយ៉ាងល្អ ហើយខ្ញុំអាចនិយាយដូចគ្នាសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ។ យើងដឹងពីអ្វីដែលត្រូវធ្វើ ហើយក្នុងស្ថានភាពបែបនេះ អ្នកត្រូវតែបំភ្លេចរាល់ការអស់កម្លាំងដែលអ្នកអាចនឹងមាន»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕