ខ្សែប្រយុទ្ធ Fernando Torres អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea បានចុះហត្ថលេខា ជាមួយក្រុមនៅលីកំពូលជប៉ុន J-Ligue គឺ Sagan Tosu ក្រោយកិច្ចសន្យារបស់កីឡាករក្រុម Atletico Madrid រូបនេះ បានអស់សុពលភាពនៅរដូវក្តៅនេះ។

Torres អតីតកីឡាករក្រុមហង្សក្រហម Liverpool រូបនេះ បានបង្ហាញខ្លួនចុងក្រោយអោយ At.Madrid ផ្តួលក្រុម Marseille ក្នុងនាមជាកីឡាករបម្រុងចុងក្រោយនៃការប្រកួត ផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Europa League ដើម្បីលើកពានកំពូលលំដាប់ទី២ របស់ទ្វីបអឺរ៉ុបរដូវកាល(២០១៧-២០១៨)កន្លងទៅនេះ។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣៤ឆ្នាំបានវិលត្រលប់មកចូលលេងនៅក្លឹបចាស់ At.Madrid របស់ខ្លួនវិញ នៅឆ្នាំ២០១៤ បន្ទាប់ពីលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម AC Milan ក្រោយចាកចេញពីអង់គ្លេស។ Torres ធ្លាប់មានប្រវត្តិអស្ចារ្យឈ្នះជ័យលាភីពាន រង្វាន់បាល់ទាត់ពិភពលោក World Cup ២០១០ ជាមួយអេស្បាញ និងពានរង្វាន់ទ្វីបអឺរ៉ុប ២ដង(២០០៨,២០១២) និងជាសមាជិកដែលបានជួយក្រុមលើកពានក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ជាមួយតោខៀវ Chelsea ក្នុងឆ្នាំ២០១២។

Torres ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់ក្នុង ៣១៤ប្រកួតក្នុងរយៈពេល ៨ឆ្នាំនៃការលេងនៅក្របខណ្ឌកំពូលអង់គ្លេស(Premier League)ខណៈការបង្ហាញខ្លួនអោយក្រុមក្រុម Liverpool បានយូរជាងគេគឺ ៤ឆ្នាំជាមួយការស៊ុតបញ្ចូលទី ៨១គ្រាប់ ក្នុង ១៤២ប្រកួត។
ខ្សែប្រយុទ្ធ Fernando Torres ទៅចូលរួមជាមួយក្រុម Sagan Tosu នៅលីកកំពូលជប៉ុន
អត្ថបទទាក់ទង
