ក្រុមអធិរាជស Real Madrid បានធ្វើពិធីបង្ហាញវត្តមានខ្សែការពារថ្មីគឺកីឡាករ Alvaro Odriozola នៅឯកីឡាដ្ឋាន Santiago Bernabeu មុខទស្សនិកជនគាំទ្របីរយនាក់កាលពីថ្ងៃពុធ ខណៈដែលក្រុមម្ចាស់ជើងឯក Champion League ១៣សម័យមួយនេះ ត្រៀមចាប់ផ្តើមរដូវកាលថ្មីដោយគ្មានតារាឆ្នើម កីឡាករខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ដែលបានផ្ទេរទៅលេងនៅក្រុមស្រ្តីជរា Juventus ទៅហើយ។ Odriozola កីឡាករខ្សែការពារស្តាំសញ្ជាតិអេស្ប៉ាញវ័យ ២២ឆ្នាំរូបនេះបានចុះហត្ថលេខាផ្ទេរពីក្រុម Real Sociedad ក្នុងតម្លៃ ៣៥លានផោន។

Odriozola បានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តការណ៏ប្រកួត World Cup ២០១៨ នៅប្រទេសរុស្ស៊ី ប៉ុន្តែមិនបានបង្ហាញវត្តមានចូលលេងនៅក្នុងការប្រកួតណាមួយនៃការប្រកួតទាំងបួនរបស់ពួកគេខណៈក្រុមរហស្សនាមគោព្រៃអេស្បាញមួយនេះ បានធ្លាក់ចេញដ៏គួរអោយភ្ញាក់ផ្អើលពីការប្រកួតកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី ៥គ្រាប់ម្នាក់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះរុស្សី ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

ការចុះហត្ថលេខានាំយក Odriozola នៅរដូវក្តៅនេះគឺរូបគេបានក្លាយជាសមាជិកថ្មីទី៣ របស់ក្រុមបន្ទាប់ពីអ្នកចាំទីវ័យក្មេង សញ្ជាតិអ៊ុយក្រែន Andriy Lunin និងកីឡាករប្រេស៊ីល Vinicius Junior ខណៈ Odriozola និងត្រូវតស៊ូដើម្បីបង្ហាញខ្លួន ក្នុងជម្រើស ១១នាក់ដំបូង ជាមួយនិងកីឡាករ Dani Carvajal របស់គ្រូបង្វឹកថ្មីលោក Lopetegui នោះ។

Real Madrid ចុះហត្ថលេខានាំយកខ្សែការពារស្តាំ Alvaro Odriozola ពីក្រុម Sociedad
អត្ថបទទាក់ទង
