នៅសល់មិនដល់១ខែទៀតទេក្របខ័ណ្ឌកំពូលអង់គ្លេសហៅកាត់ Premier League នឹងត្រឡប់មកវិញហើយពោលគឺចំថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះតែម្ដង។
ស្របពេលក្រុមជាច្រើននៅក្របខ័ណ្ឌកំពូលអង់គ្លេសក៏ដូចជាលីគធំៗនៅអឺរ៉ុបកំពុងមមាញឹកទិញដូរកីឡាករ ក៏មានក្រុមចំនួន៣ហាក់មិនអើពើក្នុងការរុះរើសមាជិករបស់ខ្លួនបើទោះជាសល់តែ២០ថ្ងៃទៀតនឹងបើករដូវកាលថ្មីក៏ដោយ។ ក្រុមទាំងនោះមានដូចជា៖
#៣ Tottenham Hotspur
Spurs ដែលបានចាយលុយសន្ធឹកសន្ធាប់សាងសង់កីឡដ្ឋានថ្មីនោះនៅមិនទាន់ទិញបានកីឡាករណាម្នាក់នៅឡើយផ្ទុយទៅវិញក្លឹបបានលក់សមាជិកម្នាក់ចេញថែមទៀតគឺ Keanan Bennetts ឲ្យទៅ Monchengladbach ក្នុងតម្លៃ២,២៤លានអឺរ៉ូកាលពីខែឧសភា។ ប្រភពព័ត៌មានឲ្យដឹងថាក្រុមមានមូលដ្ឋាននៅទីក្រុងឡុងភាគខាងជើងមួយនេះកំពុងចាប់អារម្មណ៍កីឡាករ២រូបគឺ Jack Grealish របស់ Aston Villa និង Wilfred Zaha របស់ Crystal Palace។

#២ Everton
មិនខុសពី Spurs ក្រុម Everton បានបញ្ចេញកីឡាករ៣នាក់រួមមាន Ramiro Funes Mori ឲ្យទៅ Villarreal ក្នុងតម្លៃខ្ទង់៥លានអឺរ៉ូ ហើយ Wayne Rooney និង Joel Robles បានចាកចេញដោយគ្មានតម្លៃខ្លួន។ ក្រុមរហស្សនាមថាស្ករតាំងម៉ែនៅមិនទាន់ទិញបាននរណានៅឡើយ តែកំពុងចាប់អារម្មណ៍ Richarlison ដែលអាចនឹងឈានដល់ការចុះហត្ថលេខាឆាប់ៗ ហើយខ្សែការពារដែលមិនមានជម្រើសលេងនៅ Barca គឺ Yerry Mina ក៏ជាគោលដៅរបស់ Everton ដែរ។

#១ Burnley
Burnley នៅរដូវកាលនេះកាន់តែពិសេសដោយសារពួកគេមានកៅអីលេងវគ្គជម្រុះនៅ Europa League តែយ៉ាងណាក្រុមលោក Sean Dyche មិនទាន់មានសកម្មភាពទិញកម្លាំងថ្មីមកពង្រឹងក្រុមនៅឡើយ។ ក្រុមរហស្សនាមថា Clarets កំពុងចាប់អារម្មណ៍ Sam Clucas របស់ Swansea។ ខ្សែការពារម្នាក់ទៀតដែលលេងនៅ Swansea ដែរនោះគឺ Alfie Mawson ក៏កំពុងជាគោលដៅរបស់ Burnley ដែរ៕

Via :news.sabay
