នៅមុនពេលឈានដល់ការប្រកួតជម្រុះ World Cup វគ្គ Playoff ដ៏សំខាន់ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងទីក្រុង Milan លោក Gian Piero Ventura ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បានបញ្ជាក់ថា៖ «យើងជាអ៊ីតាលី ហើយប្រសិនបើយើងឈានទៅវគ្គបន្ត វានឹងកើតឡើងតាមរយៈការលេងកីឡាបាល់ទាត់»។ ក្រុមម្ចាស់ជើងឯកពិភពលោកបួនសម័យកាល អ៊ីតាលី ត្រូវតែលុបចោលលទ្ធផលចាញ់ ១-០ កាលពីជើងទី១ ដើម្បីគេចឲ្យផុតពីការធ្លាក់ចេញពីយុទ្ធនាការ World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៥៨។

នៅឯទីលានហ្វឹកហាត់ Appiano Gentile របស់ក្រុមខ្លួនភាគខាងជើងនៃទីក្រុង Milan លោក Ventura បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងត្រូវតែធ្វើរាល់អ្វីៗទាំងអស់នៅថ្ងៃស្អែកនេះ ដូចជាបច្ចេកទេស ស្មារតី និងការប្តេជ្ញាចិត្ត»។ គ្រូបង្វឹកវ័យ ៦៩ឆ្នាំរូបនេះនៅតែស្ថិតក្នុងទឹកមុខរីករាយ និងនៅតែមានមាត់រឹងថា ក្រុមរបស់លោកកំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី មុននឹងបន្ថែមថា៖ «លោកពិតជាមានការភ្ញាក់ផ្អើល នៅពេលដែលមនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលយើងកំពុងតែស្ថិតក្នុងវគ្គ Playoff»។

លោក Ventura បានឲ្យដឹងថា៖ «យើងបានដឹងពីស្ថានភាពនេះនៅពេលដែលយើងបានស្ថិតក្នុងពូលជាមួយនឹងអេស្ប៉ាញ ដោយដឹងថា យើងនឹងឈានទៅវគ្គ Playoff។ គ្មាននរណាម្នាក់អាចភ្ញាក់ផ្អើលឡើយពេលដែលយើងបានឈានដល់ចំណុចនេះ»។

ទាក់ទងនឹងប្រតិកម្មនៃការធ្លាក់ចេញពី World Cup វគ្គ Playoff ដ៏អាម៉ាស់ដែលខិតចូលមកដល់នេះ គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំដឹងថា វាអាចនឹងកើតឡើងនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែខ្ញុំមិនដែលរំពឹងទុកមុនឡើយ»។ ខ្សែបម្រើ Marco Verratti នឹងជាប់ពិន័យព្យួរសម្រាប់ការប្រកួតនៅថ្ងៃចន្ទនេះ ខណៈដែលខ្សែការពារ Leonardo Bonucci នឹងត្រូវពាក់ម៉ាស់ការពារ ក្រោយពីបានបាក់ចម្រុះក្នុងការប្រកួតជើងទី១ ជាមួយនឹងស៊ុយអែត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sky Sports