Yoshinori Muto បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​​ក្នុង​ការ​ផ្ទេរ​ពី​ក្លឹប Mainz របស់​អាល្លឺម៉ង់​មក​កាន់​ក្លឹប​ក្នុង​លីគ​កំពូល​អង់គ្លេស Newcastle United នៅ​រដូវ​ក្ដៅ​នេះ។​

Muto នឹង​ក្លាយ​​ជា​កីឡាករ​ទី​៥​ដែល​ក្លឹប​រហស្សនាម​សារិកា​ព្រៃ​​នាំ​ចូល​ក្នុង​រដូវ​កាល​ថ្មី​នេះ។ យ៉ាងណា​ការ​ប្រកាស​ផ្លូវការ​​ត្រូវ​រងចាំ​នៅ​សប្ដាហ៍​ក្រោយ ​ព្រោះ​ពេល​នេះ​កំពុង​រៀបចំ​​​ឲ្យ​រួចរាល់​នូវ​ប័ណ្ណ​ការងារ​របស់ Muto។

Newcastle បាន​ប្រកាស​​ដំណឹង​នេះ​កាល​ពី​យប់​ថ្ងៃ​​សុក្រ​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​បាន​យល់ព្រម​អស់​ហើយ ខណៈ​​កីឡាករ​វ័យ​២៦​ឆ្នាំ​​រកចាំ​តែ​ប័ណ្ណ​ការងារ​​តែ​ប៉ុណ្ណោះ។ កីឡាករ​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ជាមួយ​ជប៉ុន​លេង​នៅ World Cup ប្រទេស​រុស្សី​​បាន​​ធ្វើ​ដំណើរ​ទៅ​ពី​ទីក្រុង Tokyo ទៅកាន់​ទីក្រុង Newcastle ដើម្បី​ពិនិត្យ​សុខភាព​កាល​ពី​ម្សិលមិញ។ តាម​ការ​ឲ្យ​​ដឹងខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​តម្លៃ​ខ្លួន​៩,៥​លាន​ផោន៕ ​​