ខ្សែបម្រើ Thomas Lemar បានរៀបរាប់ថា រូបគេរីករាយណាស់ ក្នុងការក្លាយជាកីឡាកររបស់ Atletico Madrid ក្រោយពីក្លិបរបស់ក្របខ័ណ្ឌ La Liga មួយនេះ បានប្រកាសពីការផ្ទេររបស់គេពីក្លិប Monaco ក្នុងតម្លៃខ្លួន ៥២លានផោន (ស្មើនឹង៦៨,៣លានដុល្លារអាមេរិក)។

ក្លិបរបស់អេស្ប៉ាញមួយនេះ បានប្រកាសកាលពីខែមុនថា ពួកគេបានយល់ព្រមក្នុងការចុះហត្ថលេខាជាមួយនឹង Lemar ហើយនៅទីបំផុត រូបគេបានបង្ហាញខ្លួនក្នុងនាមជាកីឡាកររបស់ Atletico កាលពីថ្ងៃចន្ទ។ ក្នុងបង្ហាញខ្លួន ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការសម្រេចចិត្តដែលខ្ញុំបានធ្វើ។ ខ្ញុំដឹងថា ក្រុមនេះ ទាមទារឲ្យមានការខិតខំព្យាយាម ហើយខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវតែរត់ឲ្យបានច្រើន ខ្ញុំនឹងធ្វើដោយគ្មានបញ្ហាឡើយ»។

ក្លិប Liverpool និង Arsenal សុទ្ធសឹងបានដាក់សំណើដើម្បីទិញ Lemar កាលពីមុន ប៉ុន្តែ រូបគេបានបន្តនៅជាមួយនឹងក្លិប Monaco ក្នុងពេលការដាក់សំណើទាំង២លើក។ ក្លិបរបស់ក្របខ័ណ្ឌ Ligue1 មួយនេះ បានទិញយករូបគេក្នុងពេលស្ថិតក្នុងវ័យ ១៩ឆ្នាំពីក្លិបបារាំងដូចគ្នាគឺ Stade Malherbe Caen ហើយរូបគេបានបន្តដើរតួក្នុងនាមជាសមាជិកដ៏សំខាន់របស់ក្រុម Monaco ដែលបានឈ្នះពានកាលពីរដូវកាលឆ្នាំ២០១៦-២០១៧។ Lemar ក៏បានក្លាយជាសមាជិកឈ្នះពាន World Cup របស់បារាំង ផងដែរនៅរដូវក្តៅនេះ បើទោះបីបានបង្ហាញខ្លួនត្រឹមតែ ១លើកក្នុងប្រទេសរុស្ស៊ី ក៏ដោយ៕